បើគ្មានរបួសយាយីទេ ខ្សែបម្រើចាស់វស្សា Andres Iniesta គិតថាខ្លួនអាចស្ថិតក្នុងជម្រើស ១១នាក់របស់ក្លឹប Barcelona ២ ឆ្នាំទៅមុខទៀត។ការថ្លែងបែបនេះ គឺមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកីឡាករអេស្ប៉ាញបានប្រកាសកាលពីពាក់កណ្ដាលខែនេះថា ខ្លួននឹងសម្រេចចិត្តថា បន្តនៅ ឬចាកចេញពីក្លឹបអ្នកមានបុណ្យ នៅថ្ងៃទី ៣០មេសាខាងមុខ។
ក្នុងថ្ងៃនេះ ខ្សែបម្រើអេស្ប៉ាញបាននិយាយប្រាប់ El Larguero ថា ការសម្រេចចិត្តនៅខែមេសា ខាងមុខគឺជារឿងមួយក្នុងចំណោមរឿងដ៏សំខាន់បំផុតក្នុងអាជីពរបស់ខ្លួន។ កីឡាករអេស្ប៉ាញក៏បានគូសបញ្ជាក់ផងដែរថា នឹងមិនទៅចូលរួមជាមួយក្លឹបណា ដែលប្រជែងជាមួយ Barcelona ឡើយ។
Iniesta ក៏បាននិយាយផងដែរថា បើសិនជាខ្លួននឹងសម្រេចចាកចេញមែន នោះគឺមិនមែនមកពីខ្សែអេស្ប៉ាញមិនស្រលាញ់ក្លឹបអ្នកបុណ្យឡើយ តែគឺដោយសារតែខ្លួនយល់ថា មិនអាចបន្តជួយក្លឹប ១០០%បានទៀត។ទោះជាយ៉ាងណា បើសម្រេចបន្តនៅ កីឡាកររូបនេះ គិតថានឹងបន្តស្ថិតក្នុងជម្រើស១១ នាក់របស់ក្លឹប នៅរយៈពេល ២ឆ្នាំទៀត ក្នុងករណីមិនមានរបួសយាយី។
សូមបញ្ជាក់ផងដែរថា កីឡាករវ័យ ៣៣ឆ្នាំ Iniesta ជាកីឡាករដ៏ឆ្នើមមួយរូបសម្រាប់ក្លឹប Barcelona អស់រយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណា ការនាំចូលខ្សែបម្រើ Philippe Coutinho កាលពីខែមករាឆ្នាំនេះ ត្រូវបានមតិជាច្រើនក្នុងពិភពបាល់ទាត់លើកឡើងថា គឺជាយុទ្ធសាស្ត្ររបស់ក្លឹបក្នុងការត្រៀមជំនួសខ្សែបម្រើអេស្ប៉ាញដែលមានវ័យកាន់តែចាស់៕
តើខ្សែបម្រើចាស់វស្សា Andres Iniesta អាចបន្តជាកីឡាករបង្គោលនៅ Barca ប៉ុន្មានឆ្នាំទៀត?
អត្ថបទទាក់ទង