ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានចុះហត្ថលេខាដើម្បីលេងឲ្យក្លិប Los Angeles Galaxy ហើយអាចនឹងធ្វើការបង្ហាញខ្លួនជាលើកទី១ របស់គេសម្រាប់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Major League Soccer នៅខែនេះ។
នេះបើយោងទៅតាមការបញ្ជាក់របស់បណ្តាញសារព័ត៌មានសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ កាសែត Los Angeles Times និង Sports Illustrated សុទ្ធសឹងបានចេញផ្សាយថា Ibrahimovic បានទាក់ទងនឹងការផ្ទេរមួយជាមួយនឹងក្រុម Galaxy ក្នុងរយៈពេលដ៏ខ្លី ក្រោយពីក្លិប Manchester United បានប្រកាសថា តារាឆ្នើមសញ្ជាតិស៊ុយអែតរូបនេះ ត្រូវបានអនុញ្ញាតឲ្យលុបចោលកុងត្រារបស់គេនៅកីឡដ្ឋាន Old Trafford។
កាសែត Sports Illustrated បានចេញផ្សាយថា ការផ្ទេររបស់ Ibrahimovic ទៅកាន់រដ្ឋ California នឹងត្រូវប្រកាសជាផ្លូវការក្នុងទំព័រផ្សាយពាណិជ្ជកម្មពេញលេញមួយ នៅលើទំព័ររបស់កាសែត Los Angeles Times នាថ្ងៃសុក្រនេះ។ បទបញ្ជាផ្ទៃក្នុងរបស់ក្របខ័ណ្ឌ Major League Soccer អនុញ្ញាតឲ្យក្លិបនានាចុះហត្ថលេខាជាមួយនឹងកីឡាករឆ្នើម៣នាក់ ដែលមិនកំណត់ទៅលើប្រាក់ខែ ខណៈដែលច្បាប់នេះ ត្រូវបានអនុម័ត នៅពេលដែលកីឡាករ David Beckham បានចូលរួមក្នុងលីកនេះ កាលពីឆ្នាំ២០០៧។
ប៉ុន្តែទោះបីជាយ៉ាងណា ដោយសារតែ Galaxy បានចុះហត្ថលេខាជាមួយនឹងកីឡាកររបស់ពួកគេរួចជាស្រេចក្នុងរដូវកាលឆ្នាំ២០១៨ ប្រាក់ខែរបស់ Ibrahimovic នឹងត្រូវកំណត់ត្រឹម១,៥លានដុល្លារ។ នេះបើយោងទៅតាមកាសែត Sports Illustrated។ សូមបញ្ជាក់ថា Ibrahimovic បានទទួលចំណូលដល់ទៅ២៦,៨លានដុល្លារអាមេរិក ក្នុងមួយរដូវកាល ក្រោយពីបានចុះហត្ថលេខាជាមួយនឹងក្លិប Man United ពីក្លិប Paris Saint-Germain កាលពីឆ្នាំ២០១៦៕
Zlatan Ibrahimovic បានចុះហត្ថលេខាជាមួយនឹងក្លិបថ្មី Los Angeles Galaxy
អត្ថបទទាក់ទង