ខ្សែការពារក្រុមហង្សក្រហម Liverpool ដែលមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោកកីឡាករ Virgil van Dijk ត្រូវបានជ្រើសតាំងជាប្រធានក្រុមជម្រើសជាតិរហស្សនាមបិសាចទឹកក្រូចហូឡង់ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Everton លោក Ronald Koeman។

កីឡាករវ័យ ២៦ឆ្នាំបានចូលមកស្នងដំណែងប្រធានក្រុមមុន គឺខ្សែបម្រើ-ប្រយុទ្ធ Arjen Robben បច្ចុប្បន្ន កំពុងលេងអោយក្រុម Bayern Munich ខណៈរូបគេបាននិវត្តន៍ពីក្រុមជម្រើសជាតិទៅហើយក្រោយពីក្រុមហូឡង់ខកខានមិនបានបង្ហាញវត្តមាននៅព្រឹត្តការណ៏ World Cup ២០១៨​ នាប្រទេសរុស្សីនោះ។ Van Dijk បានជម្រើសរើសការផ្ទេរពីក្រុម Southampton ទៅ Liverpool កាលពីខែមករា ក្នុងតម្លៃខ្លួនរហូតដល់ ៧៥លានផោន ជាតម្លៃកំនត់ត្រាខ្សែការពារថ្លៃបំផុតក្នុងពិភពបាល់ទាត់។

សម្រាប់ជំនួបមិត្តភាពកំដៅសាច់ដុំនៅថ្ងៃសុក្រនេះទល់នឹងក្រុមតោកំណាចអង់គ្លេស Van Dijk នឹងពាក់ស្លាកប្រធានក្រុមលើកដំបូងនៅ ហើយក៏ជាប្រកួតទីមួយរបស់ក្រុមហូឡង់ក្រោមការបង្វឹកលោក Koeman។កីឡាករមិត្តរួមជាតិ៣រូបផ្សេងទៀតគឺ Georginio Wijnaldum ,Kevin Strootman និង Daley Blind ត្រូវបានលោក Koeman ជ្រើសរើសជាអនុប្រធានទទួលបន្ទុកបន្ទាប់ពី Van Dijkផងដែរ។

ប្រភព៖ goal