ម្ចាស់ជើងឯក World Cup ៥សម័យប្រេស៊ីល បានធ្វើដំណើរទៅសួរសុខទុក្ខក្រុមរុស្សី សម្រាប់ជំនួបមិត្តភាពកំដៅសាច់ដុំ និងបានផ្តួលរុស្សីដោយលទ្ធផល ៣:0 នាកីឡាដ្ឋាន The Luzhniki ទីក្រុងម៉ូស្គូ។

ការប្រកួតនៅតង់ទី១ ក្រុមទាំងពីរមិនមានលទ្ធផលស៊ុតបញ្ចូលទីរៀងៗខ្លួន។ ប៉ុន្តែចូលមកដល់តង់ទី២ ខ្សែបម្រើ Inter Milan កីឡាករ Jao Miranda បានកៅឆាយរកគ្រាប់បាល់បញ្ចូលទីមុន ដំបូងគេ អោយក្រុមភ្ញៀវ។ រយៈពេល ៩នាទីបន្ទាប់ ខ្សែបម្រើនាំលេងក្រុម Barcelona កីឡាករ Philippe Countinho មានឪកាស ស៊ុតបាល់ពិន័យ ១១ម៉ែត្រដែលជាគ្រាប់បាល់ទី២ និងជាគ្រាប់ទី៩ សម្រាប់ក្រុមជម្រើសជាតិ មុនពេល ៤នាទីដែលខ្សែបម្រើ Paulinho របស់ Barcelona ដដែល បន្ថែមគ្រាប់បាល់ទី៣ ដោយការតែតបញ្ជូលទី។

សរុបមកក្រុមប្រេស៊ីលប្រើពេល ១៣នាទី ប៉ុណ្ណោះផ្តួលក្រុមរុស្សី ដោយលទ្ធផល ៣:0 សម្រាប់ការប្រកួតមិត្តភាពនេះ។ ជ័យជម្នះពេលនេះបន្តកំនត់ត្រាមិនដែលចាញ់របស់ប្រេស៊ីលសម្រាប់ ៨ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Tite ខណៈក្រុមមិនទាន់បានទទួលការវិលត្រលប់មកកាន់ទីលានប្រកួតវិញរបស់ខ្សែប្រយុទ្ធឆ្នើម Neymar របស់ក្រុម Paris Saint Germain ដោយសារកំពុងព្យាបាលរបួសនោះទេ៕

ការប្រកួតបន្ទាប់ទៀតប្រេស៊ីលនឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ជើងឯក World Cup ២០១៤ អាឡឺម៉ង់នៅទីក្រុងប៊ែរឡាំង នាថ្ងៃអង្គារ ខណៈរុស្សីនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិបារាំង នាទីក្រុង St Petersburg ប្រទេសរុស្សីផងដែរ។

ប្រភព៖ bbc