ក្លិប Paris Saint-Germain បានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងារតំណាងរបស់លោក Antonio Conte ក្នុងកិច្ចខិតខំព្យាយាមដើម្បីបញ្ចុះបញ្ចូលឲ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ចាកចេញពីក្លិប Chelsea នៅរដូវក្តៅខាងមុខនេះ។

ក្លិបយក្សរបស់បារាំងមួយនេះ នឹងចែកផ្លូវជាមួយនឹងគ្រូបង្វឹក Unai Emery នៅចុងរដូវកាលនេះ នៅពេលដែលកុងត្រារបស់លោកផុតកំណត់ ហើយលោក Conte គឺជាអ្នកចាត់ការទូទៅម្នាក់ក្នុងចំណោមអ្នកចាត់ការទូទៅ ៤នាក់ដែលលោក Nasser Al-Khelaifi ប្រធានក្លិបរបស់ PSG កំពុងតែចាត់ទុកថា ជាបេក្ខភាពជំនួស។

លោក Jose Mourinho, Diego Simeone និងលោក Massimiliano Allegri គឺជាបេក្ខភាព ៣នាក់ផ្សេងទៀត។ លោក Mourinho ប្រហែលជាមិនចាកចេញពីក្លិប Manchester United ឡើយ បើទោះបីពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Sevilla និងមានទំនាក់ទំនងមិនល្អជាមួយនឹងអ្នកគាំទ្រនៃក្លិបនេះក៏ដោយ។ លោក Simeone និងលោក Allegri ក៏នឹងលំបាកក្នុងការដើរចេញពីក្លិបរបស់ពួកគេរៀងៗខ្លួនផងដែរ។ លោក Mauricio Pochettino ក៏ត្រូវបានគេទាក់ទងជាមួយនឹងតំណែងនេះផងដែរ ប៉ុន្តែ មិនទាន់មានការទាក់ទងជាផ្លូវការជាមួយនឹងអ្នកចាត់ការទូទៅរបស់ក្រុម Tottenham នៅឡើយទេ។

ហេតុនេះ PSG បានដាក់សំណើទៅកាន់លោក Conte ជាមុនសិន ដោយដឹងថា លោកកំពុងតែខកចិត្តនៅឯក្លិប Chelsea ហើយអាចនឹងសម្លឹងរកការប្រជែងថ្មីមួយ។ ការងារក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ីតាលី នឹងក្លាយជាជម្រើសមួយផ្សេងទៀតសម្រាប់គ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះ ប្រសិនបើលោកចាកចេញពីក្លិប Chelsea នៅរដូវក្តៅខាងមុខនេះ។ ថ្នាក់ដឹកនាំរបស់ Chelsea នឹងត្រូវធ្វើការពិភាក្សាទៅលើអនាគតរបស់លោក Conte នៅខែក្រោយនេះ៕
ប្រភព៖ TheGuardian