ប្រេស៊ីល គឺជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន World Cup ឆ្នាំ២០១៨ ប៉ុន្តែ ការរងរបួសរបស់តារាឆ្នើម Neymar នឹងធ្វើឲ្យក្រុមមានរហស្សនាមថា Selcao មួយនេះ មានភាពទន់ខ្សោយ។ នេះបើយោងតាមការបញ្ជាក់របស់ខ្សែបម្រើស្លាបអន្តរជាតិអាល្លឺម៉ង់ Leroy Sane កាលពីថ្ងៃអាទិត្យ។

Sane ដែលលេងឲ្យក្លិប Manchester City បានឲ្យដឹងថា៖ «ប្រេស៊ីល មិនពឹងផ្អែកទៅលើ Neymar ដូចកាលពីឆ្នាំ២០១៤ឡើយ។ ពួកគេមានភាពខ្លាំងជាងមុន និងមានតារាឆ្នើមថ្មីមួយចំនួន ប៉ុន្តែ នៅតែបង្កើតឲ្យមានការប្រែប្រួលដ៏ធំ មិនថា Neymar ចូលលេង ឬអត់ក៏ដោយ»។ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតមិត្តភាពដ៏គួរឲ្យចាប់អារម្មណ៍មួយនាកីឡដ្ឋាន Olympic ក្នុងទីក្រុងប៊េរឡាំង នារាត្រីថ្ងៃអង្គារនេះ ក្នុងនាមជាផ្នែកមួយនៃការកម្តៅសាច់របស់ក្រុមទាំង២ មុនពេលយុទ្ធនាការ World Cup នាខែមិថុនា ក្នុងប្រទេសរុស្ស៊ី។

វានឹងក្លាយជាការជួបគ្នាជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីក្រុមជម្រើសជាតិអាល្លឺម៉ង់ បានលត់ក្រុមជម្រើសជាតិប្រេស៊ីល យ៉ាងចាស់ដៃ ក្រោយពីរកបាន ៥គ្រាប់ក្នុងចន្លោះកន្លះម៉ោង ក្នុងពេលយកឈ្នះក្នុងលទ្ធផល ៧-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃ World Cup ឆ្នាំ២០១៤។ ក្នុងការប្រកួតពេលនោះ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល បានអវត្តមានដោយសារតែបញ្ហារបួស។ នៅពេលដែលកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោករូបនេះ កំពុងតែសម្រាកព្យាបាលក្រោយពីការវះកាត់ប្រអប់ជើងរបស់គេ។ រូបគេត្រូវបានរំពឹងទុកថា នឹងជាសះស្បើយទាន់ពេលសម្រាប់ World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា៕

ប្រភព៖ Channel News Asia