ព្រឹត្តិការណ៍ World Cup នៅរដូវក្តៅខាងមុខនេះ នឹងមិនមានអាជ្ញាកណ្តាល ក៏ដូចជាជំនួយការអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេសជាលើកទី១ ចាប់តាំងពីមុនពេលសង្គ្រោះលោកលើកទី២ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានប្រកាសបញ្ជីឈ្មោះមន្ត្រីប្រចាំការប្រកួតរបស់ខ្លួនទាំង ៩៩នាក់សម្រាប់យុទ្ធនាការក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨ កាលពីថ្ងៃព្រហស្បតិ៍។

លោកអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេស Mark Clattenburg ដែលបានចូលនិវត្តន៍ពីក្របខ័ណ្ឌ Premier League កាលពីរដូវក្តៅមុន ធ្លាប់ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមអាជ្ញាកណ្តាលបណ្តោះអាសន្ន ដែលត្រូវបានជ្រើសរើស FIFA កាលពី ២ឆ្នាំមុន។ ប៉ុន្តែ ការផ្ទេររបស់លោកដើម្បីទៅធ្វើការក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើឲ្យបញ្ជីឈ្មោះអាជ្ញាកណ្តាលរបស់ FIFA World Cup គ្មានឈ្មោះអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេសសោះ។ ហើយនេះ ជាលើកទី១ ចាប់តាំងពីមុនពេលសង្គ្រោះលោកលើកទី២។ អាជ្ញាកណ្តាលនានា ដែលតំណាងឲ្យប្រទេសជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប គឺមានមកពីអាល្លឺម៉ង់ តួកកី រុស្ស៊ី ហូឡង់ ប៉ូឡូញ អេស្ប៉ាញ ស៊ែប៊ី អ៊ីតាលី ស្លូវេនី និងបារាំង។

ការខកចិត្តមួយផ្សេងទៀតសម្រាប់អង់គ្លេស ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាអ្នកបង្កើតឲ្យមានការប្រកួតដ៏ទាក់ទាញនោះ គឺថា មិនមានជំនួយការអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេសឡើយ ក្នុងយុទ្ធនាការនេះ។ ការសម្រេចចិត្តរបស់ FIFA កើតឡើងស្របពេលមានភាពតានតឹងដែលកំពុងបន្តរវាងអង់គ្លេស និងរុស្ស៊ី ក្រោយពីការបំពុលសម្លាប់អតីតចារបុរសរុស្ស៊ីលោក Sergei Skripal និងកូនស្រីរបស់លោកក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស៕

ប្រភព៖ Channel News Asia