បន្ទាប់​ពី​កុមារា​កម្ពុជា​ Kasidef Vasunan ទទួល​បាន​ឱកាស​ទៅ​ហ្វឹកហាត់​រយៈ​ពេល​មួយ​សប្តាហ៍​នៅ​សាលា​បាល់​ទាត់​ FC Barcelona និង​មាន​បណ្តាញ​សារព័ត៌មាន​​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចេញ​ផ្សាយ​អំពី​ដំណើរ​ទៅ​ហ្វឹកហាត់​នេះ​ នាយក​​គម្រោង​​សាលា​បាល់ទាត់​ FCBarcelonaប្រចាំ​ប្រទេស​សិង្ហបុរី​បាន​បញ្ជាក់​ជុំ​វិញ​រឿង​នេះ។

​កុមារ​កម្ពុជា ដែល​ទៅ​ហាត់​នៅ​ Barca ​នោះ​អាច​និយាយ​បាន ៤ ភាសា
លោក​ Marc Reyes Custal នាយក​គម្រោង​របស់​សាលា​បាល់ទាត់​ FCBEscola Singapore ប្រចាំ​ប្រទេស​សិង្ហបុរី​បាន​ប្រាប់​ Sabay តាម​ថា​ កុមារ​កម្ពុជា​ Kasidef Vasunan មិន​មែន​​​ជា​ក្មេង​​ស្ថិត​នៅ​ក្នុង​ជម្រើស​​ទេព​កោសល្យ​ឡើយ​ ប៉ុន្តែ​​ជា​ក្មេង​ដែល​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ទៅ​ទទួល​បាន​បទ​ពិសោធ​​នៅ​សាលា​បាល់ទាត់​​របស់​ក្លឹប​ FC Barcelona។

លោក​បាន​​ពន្យល់​ថា ៖«តាម​ពិត​​យើង​ផ្ដល់​ឱកាស​ឲ្យ​ទៅ​ហាត់​នៅ​សាលា​បាល់ទាត់​ FC Barcelona មួយ​សប្តាហ៍​​ដល់​យុវជន​ម្នាក់​ដែល​​បាន​ចូល​រួម​កម្មវិធី​ FCBEscola Summer Camp 2017 ​ដែល​​បើក​ចំហ​ឲ្យ​គ្រប់​យុវជន​ដែល​ចង់​ចូល​រួម។ រយៈ​ពេល​១​សប្តាហ៍​នៅ​ Barcelona គ្រាន់​តែ​ជា​ការ​ផ្តល់​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​​ ប៉ុន្តែ​បន្ទាប់​ពី​ចប់​ទៅ​​ ពួក​គេ​នឹង​មិន​មាន​ការ​ចូល​រួម​ជា​មួយ​កម្មវិធី​ណា​មួយ​​ឡើយ​ ហើយ​ក្លឹប​ក៏​មិន​តាម​ដាន​មើល​ពួក​គេ​បន្ត​ទៀត​ដែរ»។

យុវជន​ Kasidef Vasunan ជា​កូន​ខ្មែរ​-កាត់​ថៃ​​ដែល​បាន​រៀន​នៅ​សាលា​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​បាន​ឱកាស​ចូល​រួម​កម្មវិធី​ FCBEscola Summer Camp 2017 ​ដែល​រៀប​ចំ​ឡើង​ដោយ​សាលា​បាល់ទាត់​មួយ​របស់​ក្លឹប​ Barcelona នៅ​ប្រទេស​សិង្ហបុរី។ បន្ទាប់​មក​យុវជន​របស់​បឹងកេត​​នេះ​​ត្រូវ​បាន​ជ្រើស​រើស​​ឲ្យ​ទៅ​ហាត់​នៅ​សាលា​បាល់ទាត់​ Barcelona ក្នុង​ប្រទេស​អេស្ប៉ាញ​រយៈ​ពេល​មួយ​សប្តាហ៍៕