ក្រុមហង្សក្រហម Liverpool បាន​យក​ឈ្នះ​ Crystal Palace ២ ទល់​នឹង​១​នៅ​ទឹកដី​ Selhurst Park កាល​ពី​យប់​មិញ​ តែ​បាន​បាត់បង់​កម្លាំង​សំខាន់​ម្នាក់​ដោយសារ​របួស។

ខ្សែ​បម្រើ​ប្រយុទ្ធ​ Adam Lallana បាន​​ប្ដូរ​ចូល​នៅ​នាទី​៦៥​ជំនួស​ Wijnaldum តែ​មាន​បញ្ហា​ជើង​ត្រូវ​ប្ដូរ​ចេញ​​នៅ​៥​នាទី​បន្ទាប់​ ដោយ​ដាក់​ខ្សែ​ការពារ​ Dejan Lovren វិញ​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​កាន់​ឈើ​ច្រត់​ចេញ​ពី​ឡាន​ក្រុង​ ដែល​មើល​ទៅ​អាការៈ​ដូច​មិន​ស្រាល​ពេក​ទេ។

អតីត​កីឡាករ​ Southampton ទើប​តែ​ជា​ពី​របួស​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​មាន​បញ្ហា​ម្ដង​ទៀត​ដែល​អាច​ឲ្យ​គេ​អវត្តមាន​ទៅ​ World Cup ជា​មួយ​តោ​កំណាច​អង់គ្លេស។​ បញ្ហា​នេះ​លោក Jurgen Klopp អ្នក​ចាត់ការ​ Liverpool បាន​សារភាព​ថា​ Lallana ពិត​ជា​មាន​ស្ថានភាព​មិន​ល្អ​ពិត​ប្រាកដ​មែន។

“មើល​ទៅ​ពិត​ជា​អាក្រក់​។ ពិត​ណាស់​អាការៈ​របស់​ Lallana មិន​ស្រាល​ទេ​ ពិសេស​គឺ​ត្រង់​សាច់ដុំ​។ យ៉ាង​ណា​យើង​សង្ឃឹម​ថា​គេ​ ​មិន​អវត្តមាន​យូរ​ទៅ​ចុះ។ Klopp និយាយ​ដូច្នេះ។ Lallana គឺជា​កីឡាករ​ Liverpool ទីពីរ​​មាន​បញ្ហា​​របួស​បន្ទាប់​ពី Joe Gomez ដែល​ទើប​ត្រូវ​គ្រូ​បង្វឹក​ Southgate ដក​ចេញ​ពី​ជម្រើស​ជាតិ​ថ្មីៗ៕