កីឡាករ David De Gea បាន​ត្រៀម​ខ្លួន​ចុះ​កិច្ច​សន្យា​ថ្មី​រយៈពេល ៥ ឆ្នាំ​ជាមួយ​ក្រុម Manchester United ដែល​មាន​តម្លៃ ៣៥០ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​។

អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​ដែល​ត្រូវ​​ក្លឹប Real Madrid ចង់​បាន​នៅ​រដូវ​ក្ដៅ​​ត្រូវ​​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​មុន​ហោះ​ទៅ​កាន់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​។

De Gea នឹង​ក្លាយ​ជា​អ្នក​រក​ចំណូល​បាន​ខ្ពស់​បំផុត​ទី​២ របស់​ក្លឹប​នៅ​ពី​ក្រោយ Alexis Sanchez ដែល​ទទួល​កម្រៃ ៥០៥ ០០០​ផោន​​ក្នុង​មួយ​សប្ដាហ៍។ គេ​គិត​ថា​កិច្ច​ពិភាក្សា​នឹង​ចាប់​ផ្ដើម​ជាមួយ​នឹង​កីឡាករ​វ័យ ២៧​ ឆ្នាំ​នៅ​ខែ​នេះ​បន្ទាប់​ពី​ភាគី​ទាំង​សង​ខាង​បាន​បញ្ចប់​ការ​ពិភាក្សា​ម្ដង​ហើយ​កាល​ពី​ដើម​រដូវ​កាល។​

តារា​ឆ្នើម​កំពុង​លេច​ធ្លោ​នៅ​ក្រុម​បិសាច​ក្រហម​កំពុងរីករាយ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jose Mourinho បើ​ទោះ​ជា​ខក​ចិត្ត​មិន​អាច​ឈ្នះ​ Premier League ក៏​ដោយ​។​ គួរ​រម្លឹក​ថា​ De Gea សឹងតែ​ផ្ទេរ​ទៅ​ Real Madrid កាល​ពី​ឆ្នាំ​២០១៥​ តែ​យឺតយ៉ាវ​ក្នុង​ការ​រត់​ឯកសារ​ផ្ទេរ​នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ទីផ្សារ​ដោះដូរ​បិទ​ទ្វារ៕
ប្រភពពី: Sabay