ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា វា​ពិត​ជា​រឿង​ “ពិសេស” បើ​សិន​ជា​ Manchester City ឈ្នះ​ក្លឹប​រួម​ក្រុម Manchester United នៅ​ជំនួប​ថ្ងៃ​ទី ៧​ខាង​មុខ ហើយ​លើក​ពាន Premier League។

កីឡាករ​បែលហ្សិក បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖​ “វា​ពិត​ជា​រឿង​ពិសេស​ បើ​សិន​ជា​យើង​អាច​យក​ឈ្នះ Manchester United ហើយ​លើក​ពាន Premier League មែន”។

De Bruyne បន្ត៖ “វា​ពិត​ជា​រឿង​មួយ​ដ៏​អស្ចារ្យ សម្រាប់​អ្នក​គាំទ្រ​យើង បើ​យើង​ធ្វើ​បាន​សម្រេច​។ អ្នក​បានដឹងហើយ​​ពី​ប្រវត្តិ​នៃ​ភាព​ប្រកួត​ប្រជែង​រវាង​ក្លឹប​ទាំង​ពីរ។ យើង​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ក្រោយ​ជ័យជំនះ​នេះ”។

ទោះ​ជា​យ៉ាង​ណា ខ្សែ​បម្រើ​ប្រយុទ្ធ​បែលហ្សិក​ក៏​បាន​និយាយ​ផង​ដែរ​ពី​មូលហេតុ​មួយ​ទៀត​ដែលខ្លួនចង់​ឈ្នះ​ពាន Premier League ឲ្យ​បាន​កាន់​ឆាប់ នោះ​គឺ​ចង់​ទុក​ពេល​សម្រាប់​ផ្ដោត​អារម្មណ៍​លើ​ប្រកួត​ក្រោយៗ។

មុន​ពេល​ប៉ះ​ជាមួយ​បិសាច​ក្រហម​នៅ​ថ្ងៃ​ទី ៧​មេសា​ខាង​មុខ ក្លឹប​យក្ស​មេឃ​ខៀវ​ ត្រូវ​លេង​ប៉ះ​ជាមួយ​ហង្ស​ក្រហម Liverpool ក្នុង​ជំនួប​ជើង​ទី ១ Champions League វគ្គ៨​ក្រុម​នៅ​វេលា​អាធ្រាត្រ​ម៉ោង ១:៤៥ នាទី ថ្ងៃ​ទី ៥ មេសា។

បើ​តាម​តារាង​លីគ​បច្ចុប្បន្ន ក្រោយ​លេង ៣១​ប្រកួត ក្លឹប Manchester City កំពុង​ឈរ​លេខ ១ ជាមួយ​នឹង​ពិន្ទុ​ចំនួន ៨៤ ខណៈ​បិសាច​ក្រហម​ដែល​ជា​ក្លឹប​កំពុង​ស្ថិត​នៅ​លេខ ២ មាន​ត្រឹម​តែ ៦៨ ពិន្ទុ។ ដូច្នេះ​ការ​ឈ្នះ​លើ​ក្លឹប​អ្នក​ជិត​ខាង​ របស់​​មេឃ​ខៀវ​នៅ​ថ្ងៃ​ទី ៧ មេសា​ខាង​មុខ នឹង​ធ្វើ​ឲ្យ​ក្លឹប​លើក​ពាន Premier League តែ​ម្ដង៕
Via: Sabay