លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus កំពុងតែរំពឹងទុកថា ខ្សែបម្រើស្លាបអន្តរជាតិអាហ្សង់ទីន Paulo Dybala នឹងបង្ហាញពីទម្រង់លេងយ៉ាងល្អនៅពេលប្រកួតជាមួយនឹងក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នារាត្រីនេះ។ លោក Allegri បានឲ្យដឹងថា៖ «Dybala នឹងលេងក្នុងការប្រកួតដ៏អស្ចារ្យមួយ។ រូបគេមានការអភិវឌ្ឍយ៉ាងខ្លាំងទៅលើកម្រិតនៃភាពរឹងមាំ និងចិត្តវិទ្យា ហើយរូបគេបានរកគ្រាប់បាល់បញ្ចូលទី យ៉ាងខ្លាំង ១គ្រាប់នៅពេលប្រកួតជាមួយនឹងក្រុម AC Milan»។

តារាឆ្នើមអន្តរជាតិអាហ្សង់ទីវ័យ ២៤ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី ១០គ្រាប់ក្នុងការប្រកួតបើកឆាក៦ នៃក្របខ័ណ្ឌ Serie A ប៉ុន្តែ រកបានត្រឹមតែ ៤គ្រាប់គត់ក្នុងការប្រកួតលីកនៅចន្លោះចុងខែកញ្ញា និងដើមខែមីនា ខណៈដែលការធ្លាក់ចុះទម្រង់លេងរបស់គេបានកើតឡើង នៅមុនពេលរងរបួសរសៃពួរគន្លាក់ជើង។ ប៉ុន្តែ រូបគេបានបញ្ចប់ការរង់ចាំសម្រាប់ការរកគ្រាប់បាល់បញ្ចូលទី ១គ្រាប់ក្នុងក្របខ័ណ្ឌអឺរ៉ុប តាមរយៈការកគ្រាប់បាល់ឈ្នះក្នុងពេលផ្តួលក្រុម Tottenham ២-១ ក្នុងការប្រកួតជើងទី២នៅកីឡដ្ឋាន Wembley ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់ ២២គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់បើកឆាកក្នុងពេល Juventus ផ្តួល AC Milan ៣-១ កាលពីថ្ងៃសៅរ៍ផងដែរ។

លោក Allegri ជឿជាក់ថា ក្រុមរបស់លោកនឹងរៀនពីការចាញ់របស់ពួកគេក្នុងលទ្ធផល ៤-១ ក្រោមស្នាដៃក្រុម Real Madrid ក្នុងទីក្រុង Cardiff ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន នឹងក្លាយជាកូនសោក្នុងការឈ្នះក្នុងការប្រកួតទាំង២ជើងនៅសប្តាហ៍ក្រោយ។ លោក Allegri ដែលជឿជាក់ Juventus មានភាពខ្លាំងជាងមុន និងអាចផ្តល់ការបារម្ភដល់ Real នោះ បានឲ្យដឹងថា៖ «ចាប់ពីចំណុចនៃចិត្តវិទ្យា យើងពិតជាតែត្រូវតែស្ថិតក្នុងការប្រកួតនេះ។ នៅទីក្រុង Cardiff ក្រោយពីការនាំមុខ ២-១ យើងមិនស្ថិតក្នុងការប្រកួតឡើយ។ យើងបានបោះបង់បន្តិច»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ប្រភព៖ worldsoccertalk