អ្នកចាត់ការទូទៅលោក Jose Mourinho បានផ្តល់ភ្លើងខៀវឱ្យក្រុម Manchester United លក់ខ្សែប្រយុទ្ធ Anthony Martial នៅរដូវក្តៅនេះហើយ។ កីឡាករវ័យ ២២ឆ្នាំរូបនេះ បានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពដើម្បីក្លាយខ្លួនជាជម្រើស ១១នាក់ដំបូងនៅរដូវកាលនេះ ប៉ុន្តែការស៊ុតបញ្ចូលទី ១១គ្រាប់និង(Asssit) ៧គ្រាប់ក្នុង ៤០ប្រកួតកន្លងមកនៅតែមិនទាន់អាចធានាបានអោយប្រាកដពីអនាគតរបស់ខ្លួននៅកីឡាដ្ឋាន Old Trafford បាននោះទេ។

ក្រោយការមកដល់របស់ខ្សែបម្រើ-ប្រយុទ្ធឈីលី Alexis Sanchez នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ២០១៨នេះ មានន័យថា Martial បានប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងក្រុម ស្របពេលអតីតកីឡាករ Monacor បង្ហាញខ្លួនចូលលេងត្រឹមតែ បួនប្រកួតប៉ុណ្ណោះចាប់តាំងពីការផ្ទេររបស់កីឡាករ Sanchesz មក Old Trafford ។

យោងគេហទំព័រ Sunday Mirror បានចុះផ្សាយថា៖ លោក Mourinho មានបំណងលក់ Martial ដើម្បីយកប្រាក់ ទិញ Gareth Bale ពីក្រុមអធិរាជស Real Madrid នៅក្នុងតម្លៃមួយដែលគេជឿថាប្រមាណ ៥០លានផោនជាតម្លៃគ្រប់គ្រាន់ដើម្បីនាំយកកីឡាករជម្រើសជាតិវែលវ័យ ២៨ឆ្នាំរូបនេះ មកកាន់កីឡាដ្ឋាន Old Trafford នារដូវក្តៅខាងមុខ។

ក្លិប Juventus ក៏បានសម្តែងការចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Martial ផងដែរហើយម្ចាស់ជើងឯក Serie A បានជួបជាមួយមិត្តរួមជាតិកីឡាករ Blaise Matuidi ស្តីពីលទ្ធភាពក្នុងការផ្លាស់ទៅ លេងនៅប្រទេសអ៊ីតាលី។ យោង Tuttosport ក៏បានរាយការណ៍ថា Juventus បានធ្វើការចរចាជាមួយអ្នកតំណាងរបស់ Martial កំលុងពេលម្ចាស់ជើងឯក Serie A ជួបប្រកួតជាមួយ Tottenham នៅក្នុងក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយនៅកីឡាដ្ឋាន Wembley កាលពីខែមុន។

ប្រភព៖ metro