ក្រុមតោខៀវ Chelsea បានកំណត់គោលដៅអាទិភាពនាំយកគ្រូបង្វឹកក្រុម Tottenham លោក Mauricio Pochettino គ្រូបង្វឹករបស់ Tottenham ជាបេក្ខជនជម្រើសដំបូងរបស់ខ្លួនជំនួសលោក Antonio Conte ជាអ្នកចាត់ការទូទៅនាពេលបច្ចុប្បន្ននេះ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៤៩ឆ្នាំលោក Conte បានដឹកនាំ Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលដំបូង(២០១៦-២០១៧) ប៉ុន្តែតួនាទីរបស់អតីតគ្រូបង្វឹកក្រុម Juventus រូបនេះ ស្ថិតនៅក្រោមសម្ពាធជាខ្លាំង ក្រោយពីរូបលោកខកខានមិនអាចដឹកនាំក្រុមទទួលជោគជ័យសម្រាប់ការប្រកួតជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានសប្តាហ៏ចុងក្រោយនៃរដូវកាលនេះ។

អតីតគ្រូបង្វឹក Barcelona លោក Luis Enrique និងអតីតគ្រូបង្វឹក Dormund លោក Thomas Tuchel ក៏ស្ថិតនៅក្នុងជម្រើសក្នុងការមកដឹកនាំក្រុមនៅកីឡាដ្ឋាន Stamford Bridge ផងដែរ ប៉ុន្តែទោះបីជាយ៉ាងនេះយោងគេហទំព័័រ The Sun បានចុះផ្សាយថាៈ គ្រូបង្វឹក Tottenham លោក Pochettino សញ្ជាតិអាហ្សង់ទីនវ័យ ៤៦ឆ្នាំគឺជាបេក្ខភាពដំបូងគេបង្អស់។

ក្រុម Chelsea រដូវកាល(២០១៧-២០១៨)នេះនៅសល់តែពាន FA Cup ១ប៉ុណ្ណោះ ខណៈដែលក្រុមបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ក្រោមថ្វីជើងក្រុម Barcelona នៅវគ្គ ១៦ក្រុមចុងក្រោយហើយកំពុងប្រឈមមុខនឹងការតស៊ូ ដ៏លំបាកដើម្បីបញ្ចប់រដូវកាលនៅកំពូលក្រុមទំាង៤ ក្រោយបរាជ័យចាញ់ក្រុម Tottenham ១:៣ កាលពីថ្ងៃអាទិត្យសប្តាហ៏មុន។

សម្រាប់គ្រូបង្វឹកលោក Conte មកដល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់ដឹងពីជោគវាសនារបស់ខ្លួនពិត ប្រាកដថានៅបន្តដឹកនាំក្រុមនៅឡើយទេ ស្របពេលដែលរូបលោកធ្លាប់បានផ្តល់បទសម្ភាសន៏ថាៈ ខ្ញុំមិនដឹងថានឹងត្រូវស្មោះត្រង់ជាមួយក្លឹបយូរប៉ុណ្ណាទៀតទេ វាមិនមែនជាបញ្ហារបស់ខ្ញុំ តែវាជាបញ្ហារបស់ក្លឹប។

ប្រភព៖ metro