ភ្នំពេញៈ អតីត​ខ្សែប្រយុទ្ធ​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ហូឡង់ Ruud van Nistelrooy ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង ក្នុង​អាជីព​បាល់​ទាត់​របស់​ខ្លួន នៅ​ក្លិប​បិសាច​ក្រហម Manchester United និង​ក្លិប​យក្ស​របស់​អេស្ប៉ាញ Real Madrid នោះ បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ ក្នុង​ដំណើរ​នាំ​ពាន​រង្វាន់ UEFA Champions League មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ចន្ទ ប៉ុន្តែ​រូបគេ​ចង់​ស្វែង​យល់​ពី​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​បន្ថែម​ទៀត។

ជាមួយនឹង​ទឹកមុខ​សប្បាយរីករាយ ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ចន្ទ​នោះ Nistelrooy បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖ «នេះ​ជា​លើក​ទី ១ ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​មែន​ទែន ព្រោះ​វា​ជា​ពេល​វេលា​ដែល​ខ្ញុំ​បាន​មក​ជួប​អ្នក​គាំទ្រ​របស់​ខ្ញុំ​នៅ​ទី​នេះ ក៏​ដូច​មនុស្ស​ជាច្រើន​ទៀត ដែល​ស្រឡាញ់ និង​ចូលចិត្ត​វិស័យ​បាល់ទាត់​ដូច​គ្នា»។

យ៉ាងណាក៏ដោយ Nestelrooy ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ចំនួន ៣ លើក​នៅ UEFA Champions League នោះ ចង់​ស្វែង​យល់​ពី​វិស័យ​បាល់ទាត់​របស់​កម្ពុជា​បន្ថែម​ទៀត តាមរយៈ​ការ​បង្ហាត់​បង្ហាញ​ពី​បច្ចេកទេស បទពិសោធ និង​ទិច​និក​នៃ​ការ​លេង​បាល់​ទៅ​ដល់​អ្នកគាំទ្រ​នៅ​កម្ពុជា។

កីឡាករ​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​បន្ថែម​ថា៖ «ខ្ញុំ​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ផងដែរ ក្នុងការ​ស្វែង​យល់​បន្ថែម​ទៀត​ពី​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា ក៏​ដូចជា​ប្រជាជន​នៅ​កម្ពុជា ហើយ​ខ្ញុំ​នឹង​ត្រូវ​ចែក​រំលែក​ពី​ទិចនិក​នៃ​ការ​លេង​បាល់​ទៅ​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​ខ្ញុំ​ស្នាក់​នៅ​ប្រទេស​នេះ​ផង​ដែរ»។

ក្នុងនាម​ជា​កីឡាករ​អាជីព​បាល់ទាត់​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក Ruud van Nistelrooy ដែល​កើត​នៅ​ឆ្នាំ ១៩៧៦ បាន​ជាប់​ជម្រើស​ជាតិ​ហូឡង់ ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០១១ ដោយ​រក​បាន ៣៥ គ្រាប់ ក្នុងការ​បង្ហាញ​ខ្លួន​ចំនួន ៧០ ដង គឺ​បន្ទាប់​ពី​រូបគេ​លេង​ឲ្យ​ក្លិប​ក្នុង​ស្រុក​ចំនួន ២ គឺ Den Bosch និង​ក្លិប Heerenveen។
Via: Phnompenh post