ក្រុង​សឺវីលល៍: លោក Jupp Heynckes គ្រូ​បង្វឹក​របស់​ Bayern Munich បាន​បញ្ជាក់​ថា ក្លិប​នេះ នឹង​រក្សា​ទុក​តារា​ឆ្នើម James Rodriguez ក្នុង​រយៈ​ពេល​​ ១ ​ឆ្នាំ​​ទៀត ហើយ​បន្ទាប់​មក នឹង​សម្លឹង​រក​ការ​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​រូបនេះ​ក្នុង​កិច្ច​សន្យា​ជា​អចិន្ត្រៃយ៍​ពី​ក្លិប Real Madrid​​។

ប៉ុន្តែ លោក Heynckes ដែល​បាន​និយាយ​នៅមុន​ពេល​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League​ របស់​ក្រុម Bayern ក្នុង​វគ្គ​​ ៨​ ក្រុម​ចុងក្រោយ​ ជើង​ទី​ ១ ក្នុង​ទីក្រុង Seville បាន​ច្រាន​ចោល​ថា ខ្សែ​ប្រយុទ្ធ Robert Lewandowski របស់ Bayern នឹង​ផ្ទេរ​​ទៅកាន់​ក្លិប Real នៅ​រដូវ​ក្តៅ​​ខាង​មុខ​នេះ​។

James បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល ​២ ​ឆ្នាំ​ នៅពេល​ដែល​រូប​គេ​បាន​ចូល​រួម​ជាមួយ​នឹង​ក្លិប Bayern ពី​ក្លិប Real Madrid កាល​ពីឆ្នាំ​មុន ហើយ​តារាឆ្នើម​អន្តរ​ជាតិ​ កូ​ឡុំ​ប៊ី​រូបនេះ បាន​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​​ឥត​ខ្ចោះ​​​នៅ​រដូវ​កាល​នេះ​។

ក្លិប​កំពូល​ៗ​ជាច្រើន​កំពុង​តែ​ចាប់​អារម្មណ៍​ទៅលើ​ការ​ទិញ​យក​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ប៉ុន្តែ លោក Heynckes ដែល​នឹង​ត្រូវ​ចូល​និវត្តន៍​នៅ​ចុង​រដូវ​កាល​នេះ ជឿ​ជាក់​ថា រូប​គេ​នឹង​នៅ​តែ​បន្ត​​នៅ​ជាមួយ​នឹង Bayern​។

លោក Heynckes បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «រូប​គេ​ពិត​ជា​រីក​រាយ​ក្នុង​ការ​ស្ថិត​ក្នុង​ទីក្រុង Munich និង​នៅ​ជាមួយ Bayern​​។ ខ្ញុំ​គិត​ថា រូប​គេ​នឹង​បន្ត​នៅ​​នា​ឆ្នាំ​ក្រោយ និង​បន្ទាប់​ពី​ឆ្នាំ​នោះ​។ Bayern ត្រូវ​តែ​សម្រេច​ចិត្ត​នៅ​ពេល​ណា​ដែលពួក​គេ​ត្រូវ​ទិញ​រូប​គេ​»​៕
Via PhnomPenh Post