បាល់ទាត់៖ អតីត​ខ្សែប្រយុទ្ធ​តោ​ខៀវ Chelsea, Jimmy Floyd Hasselbaink ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ក្លឹប​បាល់ទាត់ Northampton Town ដែល​ស្ថិតនៅ​លី​ហ្គ​លំដាប់​ទី3 អង់គ្លេស​ហើយ ក្រោយ 9ប្រកួត​ចុង​ក្រោយ​រក​ជ័យជំនះ​មិន​ឃើញ​។

​​អតីត​ខ្សែប្រយុទ្ធ​ជំរើស​ជាតិ​ហូ​ឡង់​រូប​នេះ បាន​ចូល​មក​កាន់​តំណែង​កាលពី​ខែ​កញ្ញា​កន្លងទៅ ជាមួយ​នឹង​កិច្ចសន្យាបី​ឆ្នាំ​ជំនួស​លោក Justin Edinburgh​។ ​ជ័យជំនះ​បី​ប្រកួត​ជាប់​គ្នា​កាលពី​ខែ​មករា​ធ្វើ​អោយ Northampton ឡើង​មក​ដល់​លេខ18 ក្នុងចំណោម 24ក្រុម តែ​នៅ​ពេល​នេះ​ពួកគេ​ធ្លាក់​មកដល់​លេខ22 ដេញ​ពីក្រោយ​តំបន់​សុវត្ថិភាព 2ពិន្ទុ​នៅសល់ 5ប្រកួត​ទៀត​ចប់​រដូវ​កាល បន្ទាប់ពី 9ប្រកួត​ចុងក្រោយ​មិន​ឈ្នះ​។

បរាជ័យ​ចុងក្រោយ​បំផុត​គឺ​ចាញ់​នៅផ្ទះ Peterborough យប់មិញ 2-0​។ ​​ការ​ចាក​ចេញ​របស់ Jimmy Floyd Hasselbaink កើតឡើង 4ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រធាន​ក្លឹប Northampton ជនជាតិ​ចិន​លក់​ភាគហ៊ុន 60%៕