ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងការស៊ុតបាល់បញ្ចូលទីក្នុងក្របខ័ណ្ឌ Champions League ១០ប្រកួតជាប់ៗគ្នា ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទី ២គ្រាប់សម្រាប់ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ក្នុងពេលពួកគេទទួលជ័យជម្នះ ៣-០ នៅលើទឹកដីក្រុម Juventus ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃអង្គារ។

Ronaldo បានរកគ្រាប់បាល់បើកឆាកក្នុងទីក្រុង Turin ក្រោយពីលេងបានត្រឹមតែ ៣នាទី និងបានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៦៤ តាមរយៈការស៊ុតបាល់បករំលងក្បាលយ៉ាងល្អ ដើម្បីជួយឲ្យរូបគេរកបានគ្រាប់បាល់សរុប ១៤គ្រាប់ក្នុងយុទ្ធនាការនៅរដូវកាលនេះ។
ខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus បានរងពិន័យកាតក្រហមនៅនាទីទី៦៦ នៅមុនពេល Ronaldo បានជួយឲ្យ Marcelo បំពេញជ័យជម្នះសម្រាប់ខ្លួន និងជួយឲ្យ Real ស្ថិតក្នុងការគ្រប់គ្រងទាំងស្រុង មុននឹងឈានទៅកាន់ការប្រកួតជើងទី២ ក្នុងទីក្រុងម៉ាឌ្រីដ នាថ្ងៃទី១១ ខែមេសា ខាងមុខនេះ។ តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំរូបនេះ បានតាមស្មើកំណត់ត្រាកាលពីមុនរបស់អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United គឺ Ruud van Nistelrooy ដែលរកបានរកគ្រាប់បាល់៩ប្រកួតជាប់ៗគ្នា នៅចន្លោះឆ្នាំ២០០២ និង២០០៣។

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានឲ្យដឹងថា៖ «អ្នកអាចនិយាយថា រូបគេជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់»។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «វាមិនងាយស្រួលឡើយក្នុងការរកបាន៣គ្រាប់ដើម្បីផ្តួល Juventus លើទឹកដីរបស់ពួកគេនោះ។ ប៉ុន្តែ ទីបំផុត វាអាស្រ័យលើការងារជាក្រុម អ្នកត្រូវតែធ្វើការជាក្រុមមួយដើម្បីទទួលបានលទ្ធផលនេះ»៕