ក្រុម Bayern Munich បានបោះជំហានឆ្ពោះទៅកាន់វគ្គ ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈដែលគ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែបម្រើ Thiago Alcantara បានជួយឲ្យពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Sevilla កាលពីថ្ងៃអង្គារ ក្នុងការប្រកួតជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយរបស់ពួកគេនៅលើទឹកដីក្រុមអេស្ប៉ាញ។

Sevilla បានទម្លាក់ក្រុម Manchester United ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ហើយការភ្ញាក់ផ្អើលមួយផ្សេងទៀតហាក់ត្រូវកើតឡើង នៅពេលដែលកីឡាករ Pablo Sarabia បានស៊ុតបាល់បំប៉ោងសំណាញ់ទីក្នុងតង់ទី១ នាកីឡដ្ឋាន Ramon Sanchez Pizjuan។ ប៉ុន្តែ ភាពខ្លាំង និងការមានពោរពេញដោយបទពិសោធរបស់ក្រុម Bayern បានក្លាយជាចំណុចកាត់សេចក្តី ខណៈដែលខ្សែបម្រើ Jesus Navas បានធ្វើឲ្យបាល់ដែលបញ្ជូនចេញពីជើងរបស់ខ្សែបម្រើស្លាប Franck Ribery ចូលទីខ្លួនឯង នៅមុនពេល Thiago បានតែតរកគ្រាប់បាល់ឈ្នះក្នុងតង់ទី២។

លទ្ធផលនេះ ធ្វើឲ្យក្រុម Sevilla ត្រូវជួបការងារដ៏លំបាកមួយក្នុងការដណ្តើមយកឱកាសទៅវគ្គបន្ត។ ក្រុមអេស្ប៉ាញមួយនេះ នឹងត្រូវតែស៊ុតបាល់បញ្ចូលទីឲ្យបាន២គ្រាប់ក្នុងការប្រកួតជើងទី២ នាកីឡដ្ឋាន Allianz Arena ដើម្បីមានក្តីសង្ឃឹមក្នុងការឈានទៅវគ្គ៤ក្រុមចុងក្រោយ។ គ្រូបង្វឹករបស់ពួកគេលោក Vincenzo Montella បានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមរបស់លោក «បានបង្កើតប្រវត្តិសាស្ត្រ» រួចជាស្រេច តាមរយៈការឈានទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី១នៃក្របខ័ណ្ឌ Champions League ប៉ុន្តែ រដូវកាលរបស់ពួកគេកំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៅមុនពេលឈានដល់ចុងខែនេះ៕