លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានជំរុញឲ្យកីឡាកររបស់លោកកត់ត្រាឈ្មោះខ្លួនឯងចូលក្នុងប្រវត្តិសាស្ត្រអឺរ៉ុបរបស់ក្លិបនេះ នៅពេលដែលពួកគេត្រូវប៉ះជាមួយនឹងក្រុមកំពុងនាំមុខដាច់លើតារាង Premier League គឺ Manchester City ក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ នៅរាត្រីនេះ។

ស្របពេលដែល Man City មានការជឿជាក់ខ្ពស់ក្នុងក្របខ័ណ្ឌលីកក្នុងស្រុក ដោយពួកគេកំពុងនាំមុខ១៨ពិន្ទុដាច់លើក្រុមឈរលេខ៣ Liverpool នៅលើតារាង Premier League និងត្រូវការជ័យជម្នះត្រឹមតែ១លើកទៀតប៉ុណ្ណោះក្នុងការលើកពានជាលើកទី៣ក្នុងរយៈពេល៧រដូវកាល ក្រុមម្ចាស់ជើងឯកអឺរ៉ុប៥សម័យកាល Liverpool មានទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាងក្នុង Champions League។ ប៉ុន្តែ ទោះបីជាយ៉ាងណា Liverpool មិនធ្លាប់បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឡើយក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ហើយលោក Klopp ចង់ឲ្យការចងចាំនាសម័យកាលទំនើបត្រូវបានបង្កើតឡើងនៅកីឡដ្ឋាន Anfield។

នៅពេលដែលត្រូវបានចោទសួរលោកកំពុងតែស្វែងរកនូវការលើកទឹកចិត្តពីថ្ងៃដ៏ជោគជ័យរបស់ Liverpool ក្នុងក្របខ័ណ្ឌអឺរ៉ុប ឬយ៉ាងណា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានឲ្យដឹងថា៖ «ក្លិបនេះពោរពេញដោយប្រវត្តិសាស្ត្ររួចជាស្រេច ហើយយើងត្រូវតែបង្កើតប្រវត្តិសាស្ត្រដោយខ្លួនយើង»។ Man City បានរងបរាជ័យត្រឹមតែ១លើកគត់ក្នុងក្របខ័ណ្ឌលីកនៅរដូវកាលនេះ ប៉ុន្តែ ការបរាជ័យនោះបានកើតឡើងនៅកីឡដ្ឋាន Anfield ក្រោយពីក្រុម Liverpool បានយកឈ្នះក្នុងលទ្ធផល ៤-៣ កាលពីខែមករា ហើយលោក Klopp ពិតជាពេញចិត្តនេះនឹងការប្រជែងនេះ។ លោក Klopp បានបញ្ជាក់ថា៖ «ខ្ញុំចូលចិត្តការងារលំបាកៗ។ នោះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកចាត់ការទូទៅម្នាក់»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia