(បាសេឡូណា)៖ ទោះបីជាត្រូវតតាំងក្រុមខ្លាំង FC Barcelona ដល់ទឹកដីប្រទេសអេស្ប៉ាញ AS Roma បានត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនដោយមិនភ័យខ្លាចឡើយក្នុងជំនួប UEFA Champions League វគ្គ៨ក្រុមជើងទី១ នៅថ្ងៃពុធ ទី០៤ មេសា នេះ។

Lionel Messi មានសភាពពេញលេញឡើងវិញ និង រំពឹងអាចចូលលេងប៉ះក្រុមមកពីអ៊ីតាលី ក្រោយអង្គុយកៅអីបម្រុងនៅសប្ដាហ៍មុន តែបានប្ដូរចូលនៅវគ្គទី២ ពេល Barcelona តាមស្មើ Sevilla។​ Messi បានខកខានហ្វឹកហាត់ក្នុងជំនួបមិត្តភាពអន្តរជាតិរបស់អាហ្សង់ទីន ពេលឈ្នះអ៊ីតាលី និង ចាញ់អេស្ប៉ាញធ្ងន់ក។

លោក Eusebio de Fransisco អ្នកចាត់ការ Roma លើកឡើងថា ជារឿងដ៏រីករាយដែលបានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយនេះ ហើយវាក៏បានបង្ហាញពីការប្រឹងប្រែងរបស់ក្រុមលោកនាពេលកន្លងមក ហើយលោកក៏មានការគោរពចំពោះគូប្រជែងរបស់លោកផងដែរ។ ក្រុមទាំងពីរខកខានជួបគ្នា៣ឆ្នាំមកហើយ ដោយចុងក្រោយ Barcelona បានបំបាក់ Roma ដោយលទ្ធផល ៦ទល់នឹង១ ក្នុងដីខ្លួនឯង៕