យោងគេហទំព័រ Sport បានចុះផ្សាយថាៈ ក្លឹប Barcelona បានជ្រើសរើសខ្សែការពារក្លឹប Sevilla កីឡាករ Clement Lenglet ជាកីឡាករជម្រើសទី១ ដើម្បីយកមកជំនួស Samuel Umtiti ក្រោយ ខ្សែការពារបារាំង រូបនេះបានឈានជិតដល់កិច្ចព្រមព្រៀងដើម្បីផ្ទេរទៅចូលរួមជាមួយក្រុម Manchester United ។ Umtiti មានកិច្ចព្រមព្រៀងទិញផ្តាច់កុងត្រាជាមួយក្លឹបកំពុងនាំមុខតារាង La Liga ក្នុងតម្លៃខ្លួន ៥២លានផោន និងធ្វើអោយក្រុម Barcelona បានចាប់ផ្តើម ចម្រាញ់ជ្រើសរើសកីឡាករ ចំនួនបីនាក់ដែលមានសក្តានុពលដើម្បីមកជំនួស Umtiti ខណៈដែលកីឡាករដែលជាគោលដៅអាទិភាពនិងសក្តិសមបំផុតនោះ គឺខ្សែការពារសញ្ជាតិបារាំង Lenglet របស់ ក្រុមSevilla។

Lenglet វ័យ ២២ឆ្នាំមានតម្លៃខ្លួនក្នុងកិច្ចសន្យា ២៦លានផោន ដែល Barcelona ចាត់ទុកថាជាតម្លៃដ៏គួរ ឱ្យកត់សម្គាល់ដែលពួកគេអាចរកចំណូលបានទ្វេដងក្រោយលក់ Umtiti ទៅឱ្យក្រុមរបស់លោក Jose Mourinho។ កីឡាករវ័យក្មេងដែលត្រូវបានចាត់ទុកជាសន្លឹកអាត់របស់បារាំង បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យជឿជាក់មួយ ក្រោយផ្តួលក្រុម Man United ចេញពីក្របខ័ណ្ឌ Champions League។

Lenglet បានផ្តល់បទសម្ភាសន៏ថាៈ Barcelona គឺជាក្រុមដ៏អស្ចារ្យជាមួយនឹងកីឡាករអន្តរជាតិលំដាប់ពិភពលោក ប៉ុន្តែដូចគ្នានៅទីនេះដែរ (Sevilla) ខ្ញុំសប្បាយចិត្តនិងនៅទីនេះ។ យើងនឹងមើលឃើញអ្វីដែលនឹងកើតឡើងនាពេលអនាគប៉ុន្តែសម្រាប់ពេលនេះខ្ញុំផ្ដោតលើការប្រកួតនៅ La Liga និង Champions League ប៉ុណ្ណោះ។

ទោះជាយ៉ាងណា Barcelona មានការព្រួយបារម្ភកាន់តែច្រើន បន្ទាប់ពីទម្រង់លេងរបស់ Umtiti មួយរយៈចុងក្រោយនេះបានធ្លាក់ចុះចាប់តាំងពីរូបគេមានទំនាក់ទំនង នឹងការផ្លាស់ទៅទឹកដី Old Trafford នេះបើយោងតាម Marca បានចុះផ្សាយ។