នៅ​សល់​តែ​ជាង ២​ខែ​ កន្លះ ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក World Cup នឹង​ឈាន​ចូល​មក​ដល់។ ស្រប​ក្នុង​ន័យ​នេះ អត្ថបទ​នឹង​បង្ហាញ​ពី​ប្រាក់​ឈ្នួល​ដែល​អាជ្ញាកណ្ដាល​កំពូលៗ​មាន​បទពិសោធន៍​យូរ​ឆ្នាំ នឹង​ទទួល​បាន​ក្នុង​កម្មវិធី​ដ៏​ធំ​នេះ។

ក្នុង​ព្រឹត្តិការណ៍​ World Cup នៅ​រុស្ស៊ី​ខាង​មុខ មាន​ការ​ចូល​រួម​ពី​អាជ្ញាកណ្ដាល​សរុប​ចំនួន ៣៦ នាក់ និង​ជំនួយ​ការ​អាជ្ញាកណ្ដាល​ចំនួន ៦៣ នាក់​ទៀត។

ប្រាក់​ឈ្នួល​សម្រាប់​អាជ្ញាកណ្ដាល​ មាន​ការ​ប្រែប្រួល​តាម​បទពិសោធន៍​ និង​ប្រវត្តិរូប​នៃ​អាជីព​របស់​ពួក​គេ។

បើ​យោង​តាម​សារព័ត៌មាន​ប្រេស៊ីល UOL Esporte ហើយ​យក​ចុះ​ផ្សាយ​ដោយ Marca ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា អាជ្ញាកណ្ដាល​កំពូលៗ​ដូច​ជា លោក Felix Brych (សញ្ជាតិ​អាល្លឺម៉ង់), Cuneyt Cakir (សញ្ជាតិ​ទួរគី) និង Nestor Pitana (សញ្ជាតិ​អាហ្សង់ទីន) នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​គោល ៥៧០០០ អឺរ៉ូ (ជាង ៧ ម៊ឺន​ដុល្លារ​សហរដ្ឋអាមេរិក) គួប​ផ្សំ​នឹង​ប្រាក់​បន្ថែម​ចំនួន ២៥០០ អឺរ៉ូ (ជាង ៣ ពាន់​ដុល្លារ) ក្នុង​មួយ​ប្រកួត។

ចំណែក​ឯ​ជំនួយ​ការ​អាជ្ញាកណ្ដាល​វិញ នឹង​ទទួល​បាន​ប្រាក់​គោល​ចំនួន ២ ម៊ឺន​អឺរ៉ូ (ជាង ២៤០០០ដុល្លារ) និង ប្រាក់​បន្ថែម​ចំនួន ១៦០០ អឺរ៉ូ (ជិត ២ពាន់ដុល្លារ) ក្នុង​មួយ​ប្រកួត៕
Via :news.sabay