ក្រុម Barcelona អាចនឹងចាប់ផ្តើមធ្វើផែនការផ្សេងៗសម្រាប់ក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ របស់ពួកគេលើក្រុម Roma កាលពីថ្ងៃពុធ មិនបានកើតឡើងដោយសារតែថ្វីជើងរបស់ពួកគេទាំងអស់ឡើយ។

ការធ្វើឲ្យបាល់ចូលទីខ្លួនឯង ២គ្រាប់ពីសំណាក់កីឡាករ Daniele De Rossi និង Kostas Manolas និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែការពារ Gerard Pique បានជួយឲ្យក្រុម Barcelona នាំមុខដល់ទៅ ៣-០ នាកីឡដ្ឋាន Camp Nou នៅមុនពេលខ្សែប្រយុទ្ធ Edin Dzeko ជួយឲ្យក្រុម Roma វាយបកបាន ១គ្រាប់វិញនៅជិតបញ្ចប់ការប្រកួត។ ប៉ុន្តែ ស្របពេលដែលក្រុមរបស់អ៊ីតាលី ហាក់ទទួលបានលទ្ធផលបែបនេះទៅហើយ ខ្សែប្រយុទ្ធ Luis Suarez បានរក្សាការនាំមុខ ៣គ្រាប់សម្រាប់ក្រុមខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទីនៅនាទីទី៨៧។

លទ្ធផលនេះមានន័យថា Barcelona នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នាសប្តាហ៍ក្រោយ ជាមួយនឹងការជឿជាក់ដ៏ខ្ពស់ក្នុងការឈានទៅវគ្គ ៤ក្រុមចុងក្រោយ ប៉ុន្តែ ក្រុមម្ចាស់ផ្ទះមិនបានបង្ហាញពីទម្រង់លេងល្អឡើយ។ ផ្ទុយទៅវិញ ពួកគេបានជួបសំណាងដោយសារតែការធ្វើឲ្យបាល់ចូលទីខ្លួនឯង ២គ្រាប់ និងការខ្ជះខ្ជាយក្នុងតំបន់ប្រយុទ្ធរបស់ក្រុម Roma។

ក្រុម Barca របស់លោក ប្រហែលជាមិនជួបគូប្រជែងដែលទន់ខ្សោយបែបនេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ។ Pique បានប្រាប់កាសែតអេស្ប៉ាញ beIN Sports ថា៖ «វានឹងកាន់តែល្អប្រសើរ ប្រសិនបើយើងមិនរបូតគ្រាប់បាល់ ១គ្រាប់ទេនោះ ប៉ុន្តែ យើងមិនអាចតវ៉ាបានឡើយ។ យើងនាំមុខដ៏រឹងមាំ ហើយបច្ចុប្បន្ន យើងត្រូវតែសម្រាក និងត្រៀមសម្រាប់ការប្រកួតជាមួយនឹងក្រុម Leganes ក្នុងក្របខ័ណ្ឌ La Liga មុននឹងប្រកួតជើងទី២»៕