យោងគេហទំព័រ The mirror បានចុះផ្សាយថាៈ ក្រុម Real Sociedad កំពុងលេងនៅក្របខណ្ឌកំពូលអេស្បាញ La Liga ចង់បានលោក Rafa Benitez មកដឹកនាំក្រុមនៅរដូវកាលថ្មី(២០១៨-២០១៩)ខាងមុខ។ គ្រូបង្វឹកសញ្ជាតិអេស្បាញរបស់ក្រុម Newcastle អាចវិលត្រឡប់ទៅអេស្ប៉ាញវិញក្រោយធ្លាប់ដឹកនាំក្រុមអធិរាជស Real Madrid នៅរដូវកាល(២០១៥-២០១៦) កន្លងមក។

អតីតគ្រូបង្វឹកហង្សក្រហម Liverpool, Napoli, Chelsea លោក Benitez បានបង្កើតកំនត់ត្រាដឹកនាំក្លឹបលើកទី១០០០ ក្នុងនាមជាគ្រូបង្វឹកអាជីព កាលពីខែធ្នូ២០១៧ បានទទួលការពេញចិត្ត និងចាប់អារម្មណ៏ពីសំណាក់ក្រុមប្រឹក្សាភិបាលរបស់ក្រុម Real Sociedad បន្ទាប់ពីគ្រូបង្វឹក Real Sociedad លោក Eusebio ត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាហើយជំនួយការគ្រូបង្វឹក Imanol Alguacil បានចូលមកដឹកនាំក្រុមបណ្តោះអាសន្នរហូតចុងបញ្ចប់នៃរដូវកាល(២០១៧-២០១៨)នេះ។

លោក Benitez បានដឹកនាំក្លឹប Newcastle ឡើងមកលេងនៅក្របខណ្ឌ Premier League កាលពីរដូវកាលមុន និងបានដឹកនាំក្រុមឈរនៅចំណាត់ថ្នាក់លេខ១២ នៅរដូវកាលនេះ។