Manchester City អាចនឹងកាត់បន្ថយការឈឺចាប់ដោយសារតែការបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Liverpool តាមរយៈការលើកពាន Premier League នៅពេលប្រកួតជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester United នៅរាត្រីថ្ងៃសៅរ៍នេះ។

ក្រុមរបស់លោក Pep Guardiola នឹងក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្ររយៈពេល ២៦ឆ្នាំក្នុងក្របខ័ណ្ឌលីកនេះ ក្នុងការឈ្នះពាន ខណៈដែលនៅសល់ការប្រកួត ៦លើកទៀត ប្រសិនបើពួកគេផ្តួលក្រុម Man Utd នាកីឡដ្ឋាន Etihad ហើយវានឹងក្លាយជាការបញ្ចប់ដ៏ស័ក្តិសមមួយ ក្រោយពីបានគ្រប់គ្រងក្របខ័ណ្ឌលីកនេះទាំងស្រុងនៅរដូវកាលនេះ។ Man City កំពុងតែនាំមុខ ១៦ពិន្ទុដាច់លើក្រុមឈរលេខ២ របស់លោក Jose Mourinho ហេតុនេះមិនថា ពួកគេឈ្នះពានក្របខ័ណ្ឌ Premier League នៅពេលណាឡើយ ប៉ុន្តែ នេះគឺជាពានកំពូលអង់គ្លេសជាលើកទី១ ក្នុងរជ្ជកាលរបស់លោក Guardiola។

ក្រុមកំពុងតែនាំមុខមួយនេះ សង្ឃឹមថា នឹងធ្វើឲ្យពួកគេមានភាពជឿជាក់ឡើងវិញ ក្រោយពីការបរាជ័យក្នុងលទ្ធផល ៣-០ របស់ពួកគេក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ នាកីឡដ្ឋាន Anfield។ ប៉ុន្តែការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយនេះនឹងត្រូវកើតឡើងក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃ នៅមុនពេលការប្រកួតជើងទី២ នៃក្របខ័ណ្ឌអឺរ៉ុប ហើយលោក Guardiola ប្រឈមមុខនឹងការរៀបចំក្រុមប្រកបដោយតុល្យភាព ខណៈដែលលោកនៅតែជឿជាក់ថា លោកអាចស្រោចស្រង់ក្រុមបានក្នុងក្របខ័ណ្ឌ Champions League នៅលើទឹកដី Etihad។

ក្រោយពីការបរាជ័យក្រោមស្នាដៃក្រុមរបស់លោក Jurgen Klopp លោក Guardiola បានឲ្យដឹងថា៖ «គ្មាននរណាជឿជាក់ឡើយ ប៉ុន្តែ យើងនៅសល់ការប្រកួតមួយទៀត។ យើងត្រូវតែទទួលយក ហើយបច្ចុប្បន្ន យើងត្រូវប៉ះជាមួយ Man Utd លើទឹកដីខ្លួនឯង ហើយបន្ទាប់មក Liverpool ក្នុងផ្ទះខ្លួនឯងទៀត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១:៣០យប់៕

ប្រភព៖ Channel News Asia