ក្រុម Arsenal បានបោះជំហានឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League តាមរយៈការដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៤-១ លើក្រុម CSKA Moscow កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការប្រកួតមួយដែលមិនទាក់ទងនឹងភាពតានតឹងនយោបាយដែលជាចំណុចបារម្ភក្នុងការប្រកួតនេះ ដោយសារតែការបែកបាកមិត្តភាពរវាងទីក្រុងឡុងដ៍ និងទីក្រុងម៉ូស្គូ។

ចក្រភពអង់គ្លេស បានព្យួរទំនាក់ទំនងផ្នែកងារទូតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ក្រោយពីអតីតចារបុរសរបស់រុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកគឺនាង Yulia ត្រូវបានដាក់ថ្នាំបំពុលសម្លាប់ជាមួយនឹងថ្នាំប្រព័ន្ធប្រសាទ នៅទីក្រុងភាគខាងត្បូង Salisbury នៃប្រទេសអង់គ្លេស កាលពីខែមុន។ ប៉ុន្តែទោះបីជាយ៉ាងណា ស្របពេលដែលអ្នកគាំទ្ររបស់ CSKA ប្រមាណជា ២០០នាក់បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ វាមាននូវការប៉ះទង្គិចគ្នាតិចតួចណាស់នៅលើទីលានសម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជើងទី១។

ក្រុម Arsenal បានបញ្ចប់ភាពស្រពេចស្រពិលយ៉ាងឆាប់រហ័សក្នុងការប្រកួតនៅលើទីលាន ខណៈដែល Ramsey និង Alexandre Lacazette សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ដូចគ្នាក្នុងតង់ទី១ ដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់ CSKA ក្នុងការប្រកួតនេះ។ លោក Arsene Wenger គ្រូបង្វឹករបស់ក្រុម Arsenal បានឲ្យដឹងថា៖ «វាពិតជាការប្រកួតតង់ទី១ដ៏ពិសេសមួយដែលត្រូវបានលេងក្នុងកម្រិតដ៏ខ្ពស់មួយ ប៉ុន្តែ មិនមែនជាការប្រកួតប្រកបដោយភាពសុខភាពសម្រាប់ខ្ញុំឡើយ ពីព្រោះពួកគេហាក់បានបង្ហាញពីទម្រង់លេងដ៏គ្រោះថ្នាក់»៕