ការប្រកួតនៅក្របខណ្ឌកំពុលអេស្បាញរវាងក្លឹបរួមទីក្រុង Real Madrid និង At.Madrid នៅសប្តាហ៏ទី៣១ កាលពីថ្ងៃអាទិត្យ ក្នុងលទ្ធផលស្មើគ្នា១:១ ។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីនៅនាទី៥៣ ដោយការស៊ុត Volley បន្ទាប់ពីការបញ្ជូនបាល់ពីខ្សែប្រយុទ្ធស្លាបឆ្វេង Gareth Bale ប៉ុន្តែខ្សែប្រយុទ្ធឆ្នើម Antoine Griezmann ធ្វើការវាយបកតាមស្មើវិញអោយក្រុមភ្ញៀវ Atletico Madrid វិញនៅនាទីទី៥៧។

លទ្ធផលស្មើគ្នានេះបានជួយឱ្យ At.Madrid នៅតែបន្តឈរពីលើក្រុម Real Madrid ចំនួន ៤ពិន្ទុ ប៉ុន្តែតាមពីក្រោយក្រុមនាំមុខកំពូលតារាង Barcelona ដែលបានផ្តួល Leganes ៣-១ កាលពីថ្ងៃសៅរ៍ ១១ពិន្ទុ។

គួរកត់សម្គាល់ផងដែរថា Ronaldo ត្រូវបានប្តូរជំនួសដោយ Karim Benzema ដើម្បីទុកឪកាសសំរាប់តារាឆ្នើមរូបនេះ បានសម្រាកខ្លះគោលបំណងត្រៀមចូលរួមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជើងទី២ ជាមួយក្រុម Juventus នៅថ្ងៃពុធសប្តាហ៏នេះ។ បន្ទាប់ពីការប្រកួតជើងទី១ Real Madrid បានទទួលជ័យជម្នះ ៣-0 នៅទឹកដី Turin ប្រទេសអ៊ីតាលី ដោយកីឡាករ Ronaldo ស៊ុតបញ្ចូលទីបានពីរគ្រាប់ និង Marcelo បាន ១គ្រាប់ផងដែរ។

បច្ចុប្បន្ននេះ Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ស៊ុតបញ្ចូលទីបាន ២៦គ្រាប់ ក្នុង ១៤ប្រកួតចុងក្រោយសម្រាប់ក្រុមអធិរាជស Real Madrid និងជម្រើសជាតិព័រទុយហ្គាល់ និង ៤០គ្រាប់សម្រាប់ក្លឹបនៅរដូវកាលនេះជាមួយការបង្ហាញខ្លួន ៣៧ប្រកួត។ បច្ចុប្បន្នក្រុមការពារតំណែងជើងឯកមានចំណាត់ថ្នាក់ទី៤ ឈរពីក្រោម Barcelona ចំនួន ១៥ពិន្ទុ។