លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោករំពឹងទុកថា នឹងមានការវាយសម្រុកខ្លាំងក្លាពីក្រុម Roma ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយ ជើងទី២ របស់ពួកគេ នាកីឡដ្ឋាន Stadio Olimpico នៅរាត្រីនេះ។

ក្រុមកំពុងតែនាំមុខនៅលើតារាងក្របខ័ណ្ឌលីកអេស្ប៉ាញមួយនេះ នៅសល់ត្រឹមតែ ១ជំហានទៀតប៉ុណ្ណោះ ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតជើងទី១ នាកីឡដ្ឋាន Camp Nou កាលពីសប្តាហ៍មុន ខណៈដែល Roma បានបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនឯងតាមរយៈការធ្វើឲ្យបាល់ចូលទីខ្លួនឯង ២គ្រាប់។ ប៉ុន្តែ លោក Valverde មិនហ៊ានមើលស្រាលឡើយនៅពេលប្រកួតជាមួយនឹងក្រុមមួយដែលមិនធ្លាប់បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសោះ បើគិតចាប់តាំងពីឆ្នាំ១៩៨៤។

ក្នុងសន្និសីទសារព័ត៌មានមួយនៅមុនពេលការប្រកួតក្នុងទីក្រុងរ៉ូម លោក Valverde បានឲ្យដឹងថា៖ «ខ្ញុំបានធ្វើការនេះរយៈពេលយូរគ្រប់គ្រាន់ក្នុងការដឹងថា រឿងដ៏អស្ចារ្យជាច្រើនអាចកើតឡើងក្នុងការប្រកួតមួយ។ វានឹងក្លាយជាការប្រកួតក្នុងប្រភេទតែមួយ ប៉ុន្តែពួកគេនឹងមានភាពស្វិតស្វាញជាងមុន»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «ប្រវត្តិសាស្ត្របង្ហាញឲ្យឃើញរួចជាស្រេចថា ស្ថិតក្នុងកម្រិតរបស់យើង វាពិតជាលំបាកណាស់ក្នុងការរកគ្រាប់បាល់នៅពេលប្រកួតជាមួយយើង ប៉ុន្តែ យើងមិនអាចគិតថា ពួកគេមិនមានឱកាស ឬពួកគេនឹងមិនព្យាយាមឡើយ។ ការធ្វើឲ្យមានកំហុសមួយ ការជឿជាក់ជ្រុលពេក ពួកគេអាចនឹងផ្តល់ការខកចិត្តដល់យើង ហើយយើងកំពុងតែស្ថិតនៅច្រកទ្វារនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕