លោក Pep Guardiola បានបញ្ជាក់ថា ក្រុម Manchester City កំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១ បើទោះបីពួកគេមិនអាចស្រោចស្រង់លទ្ធផលនៃការចាញ់ក្នុងជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពេលប្រកួតជាមួយនឹងក្រុម Liverpool នៅរាត្រីនេះក៏ដោយ។

រដូវកាលទី២ ក្រោមការដឹកនាំរបស់លោក Guardiola សម្រាប់ក្រុម Man City បានជួបភាពរង្គោះរង្គើក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ខណៈដែលពួកគេបានរងបរាជ័យយ៉ាងអាម៉ាស់នាកីឡដ្ឋាន Anfield ក្នុងការប្រកួតជើងទី១ ហើយបន្ទាប់មក បានខ្ជះខ្ជាយការនាំមុខ ២-០ ក៏ដូចជាឱកាសក្នុងការលើកពាន Premier League នៅប្រកួតជាមួយនឹងក្រុម Manchester United ក្នុងពេលចាញ់ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍។

លោក Guardiola ដែលក្រុមរបស់លោកនៅតែនាំមុខ ១៣ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នោះ បានឲ្យដឹងកាលពីថ្ងៃចន្ទថា៖ «ខ្ញុំដឹងថា យើងត្រូវបានគេកាត់សេចក្តីទៅលើលទ្ធផលផ្សេងៗ ប៉ុន្តែ ទៅលើការបង្ហាញពីទម្រង់លេង ក្រុមរបស់ខ្ញុំពិតជាអស្ចារ្យណាស់។ វាមិនអាចធ្វើការប្រៀបធៀបទៅនឹងក្រុមផ្សេងបានឡើយ»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «ពួកគេពិតជាមានទម្រង់លេងមិនធម្មតា ហេតុនេះ ខ្ញុំនឹងនៅក្បែរពួគគេមិនថា មានអ្វីកើតឡើងនៅពេលនេះ និងចុងរដូវកាលនេះឡើយ។ វាជារឿងដ៏រីករាយមួយក្នុងការដឹកនាំក្រុមនេះ សូម្បីតែ ៣ថ្ងៃមុនដែលយើងបានប្រកួតក៏ដោយ»។

Man City បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League តែ១លើកគត់កាលពីមុន ប៉ុន្តែ លោក Guardiola ជឿជាក់ថា ការវាយបកជាប្រវត្តិសាស្ត្រមួយពេលជួបក្រុម Liverpool នឹងជួយឲ្យ Man City ឈានដល់កម្រិតមួយទៀតនៃក្របខ័ណ្ឌ Champions League។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕