ខ្សែបម្រើ Andres Iniesta ដែលជាប្រធានក្រុមនៃក្រុម Barcelona បានទទួលស្គាល់ពីការខកចិត្តដ៏ធំរបស់គេ ក្រោយពីក្រុមមានមូលដ្ឋាននៅតំបន់ Catalonia មួយនេះ ត្រូវបានទម្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Roma ក្នុងការប្រកួតដ៏រំភើបមួយកាលពីថ្ងៃអង្គារ។

Iniesta បានប្រាប់ទូរទស្សន៍ Catalunya TV ថា៖ «វាពិតជាឈឺចាប់ណាស់ ពីព្រោះគ្មាននរណាម្នាក់រំពឹងទុកថា វាអាចកើតឡើងជាមួយនឹងការនាំមុខដែលយើងមានឡើយ។ នៅពេលដែលអ្នកធ្វើអ្វីៗមិនបានល្អ អ្នកធ្វើឲ្យមានកំហុសជាច្រើន ហើយយើងមិនបានសម្របខ្លួនទៅនឹងការប្រកួតនេះឡើយ។ វាពិតជារឿងដ៏ខកចិត្តដ៏ធំ បើនិយាយពីរដូវកាលដែលយើងកំពុងតែមាន»។

Barcelona បាននាំមុខក្រុម Roma ដល់ទៅ ៤-១ ក្រោយពីការប្រកួតជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ ប៉ុន្តែ ការរងបរាជ័យក្នុងលទ្ធផល ៣-០ នាកីឡដ្ឋាន Stadio Olimpico បានទម្លាក់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ៥សម័យកាលមួយនេះ ឲ្យធ្លាក់ចេញដោយសារតែគ្រាប់បាល់ក្រៅដីតែម្តង។ វាជាការធ្លាក់ចេញជាលើកទី៣ ជាប់ៗគ្នារបស់ពួកគេពីយុទ្ធនាការនេះ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះ ដែលបានដឹងថា ការប្រកួតនេះអាចនឹងក្លាយជាការប្រកួតចុងក្រោយរបស់គេក្នុងយុទ្ធនាការ Champions League សម្រាប់ក្រុម Barcelona ស្របពេលមានភាពមិនច្បាស់អំពីអនាគតរបស់គេនៅរដូវកាល បានបន្ថែមថា៖ «យើងតែងតែព្យាយាមលេងឲ្យអស់ពីសមត្ថភាព ប៉ុន្តែ យើងបានធ្លាក់ចេញ ហើយគ្រប់គ្នាមានអារម្មណ៍ថា ឈឺចាប់។ យើងមានក្តីសង្ឃឹមដ៏ខ្ពស់ ហើយក្តីសង្ឃឹមនោះបានចេញពីយើងម្តងទៀត»៕