លោក Zinedine Zidane ជឿជាក់ថា Cristiano Ronaldo នឹងត្រូវគេចងចាំនៅឯក្លិប Real Madrid ដូចទៅនឹងលោក Alfredo Di Stefano ដែរ។ លោក Di Stefano គឺជាកីឡាករដ៏សំខាន់ក្នុងការជួយឲ្យក្រុម Real ធ្វើការគ្រប់គ្រងទាំងស្រុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលនៅពេលនោះពួកគេបានឈ្នះពាន European Cup ចំនួម៥ ហើយរូបលោកផ្ទាល់បានស៊ុតបាល់បញ្ចូលទីច្រើនជាង ៣០០គ្រាប់។

បច្ចុប្បន្ន Ronaldo កំពុងតែព្យាយាមជួយឲ្យក្រុមខ្លួនបណ្តើមបានជ័យជម្នះក្នុងក្របខ័ណ្ឌអឺរ៉បុក្នុងរយៈពេលដ៏យូរអង្វែងមួយផ្សេងទៀត ខណៈដែល Real កំពុងតែប្រមាញ់រកការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី៣ជាប់ៗគ្នារបស់ពួកគេ និងជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំ។ ពួកគេនឹងនាំយកការនាំមុខក្នុងលទ្ធផល ៣-០ ទៅកាន់ការប្រកួតជើងទី២នៃវគ្គ៨ក្រុមចុងក្រោយ លើទឹកដីខ្លួនឯង នៅពេលជួបក្រុម Juventus ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Ronaldo រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ កាលពីសប្តាហ៍មុន ក្នុងទីក្រុង Turin ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ដ៏ល្អតាមរយៈការស៊ុតបាល់បករំលងក្បាល១គ្រាប់ផងដែរ។

Ronaldo រកបាន១៤គ្រាប់រួចជាស្រេចក្នុងយុទ្ធនាការមកទល់ពេលនេះ ដោយដេញតាមពីក្រោយកំណត់ត្រាដ៏ល្អរបស់គេចំនួន៣គ្រាប់ ដែលរូបគេរកបាន នៅពេលដែលក្រុម Real បានក្លាយជាម្ចាស់ជើងឯកកាលពីឆ្នាំ២០១៤។ លោក Zidane បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «ខ្ញុំមិនគិតពីការលេងដោយគ្មានរូបគេឡើយ យើងមានរូបគេ ហើយយើងពិតជារីករាយ។ មានមនុស្សជាច្រើនដែលចងចាំឈ្មោះរបស់លោក Di Stefano ហើយវាជារឿងធម្មតាទេ ដែលមានមនុស្សជាច្រើនចងចាំបែបនេះ ហើយខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមពួកគេផងដែរ ដែលបច្ចុប្បន្ន នឹងចងចាំឈ្មោះ Cristiano ជាមួយនឹងក្លិបនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕