លោក មាស ចាន់ណា ដែលទើបដឹកនាំក្រុមណាហ្គាវើល យកឈ្នះក្រុមភ្នំពេញក្រោន ១-០ កាលពីចុងសប្តាហ៍មុន ដើម្បីឡើងទៅឈរនៅកំពូលតារាង នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨នោះ បានបង្ហោះសារមួយឃ្លា នៅលើផេចហ្វេសប៊ុករបស់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ ដែលមានន័យ ចង់ក្រើនរំឭកដល់ខ្លួនរបស់លោកផ្ទាល់ ក៏ដូចជាក្រុមទាំងមូល កុំឲ្យភ្លេចខ្លួនជាមួយភាពបរាជ័យ។

គ្រូបង្វឹកវ័យក្មេងរូបនេះ បានសរសេរថា៖«បើយើងគិតថា ខ្លួនឯងគ្រប់គ្រាន់ហើយ ភាពបរាជ័យនឹងមករកខ្លួនអ្នក ភាពបរាជ័យប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ នូវពេលដែលអ្នកបាត់បង់ការប្រមូលអារម្មណ៏ និងយកចិត្តទុកដាក់»។

ជាមួយសារមួយឃ្លានេះ លោក មាស ចាន់ណា ហាក់បង្ហាញឲ្យឃើញពីស្ថានភាព ដែលធ្លាប់បានកើតមានឡើងនៅក្នុងក្រុមណាហ្គាវើល គឺនៅពេលក្រុមមួយនេះ បានធ្លាក់ចុះនៅទម្រង់លេង ដោយសារការបាត់បង់ការប្រមូលអារម្មណ៍ និងការយកចិត្តទុកដាក់ក្នុងការប្រកួត ព្រោះលោក ចាន់ណា ធ្លាប់បានប្រាប់ថា៖«យើងនៅតែមានបញ្ហាទៅលើការប្រមូលអារម្មណ៍ និងការមិនសូវយកចិត្តទុកដាក់លើការប្រកួតរបស់កីឡាករមួយចំនួន»។

យ៉ាងណាក៏ដោយ ការព្យាយាមជំរុញទាំងលើការហ្វឹកហាត់ និងការលើកទឹកចិត្តរបស់គ្រូបង្វឹករូបនេះ បានធ្វើឲ្យក្រុមណាហ្គាវើល អាចយកឈ្នះលើក្រុមភ្នំពេញក្រោន ១-០ តាមរយៈការដាក់អន្ទាក់បានសម្រេច ដើម្បីឡើងមកឈរនៅកំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ជាបណ្តោះអាសន្ន ដោយមាន១០ពិន្ទុស្មើជាមួយក្រុមបឹងកេត ដែលឈរនៅលេខ២ និងតាមពីក្រោយ ដោយក្រុមក្រសួងការពារជាតិ មាន៩ពិន្ទុ៕