ការ​ប្រកួត​ Champions League វគ្គ​៤​ក្រុម​ ឬ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​រក​ឃើញ​ក្រុម​ពន្លឺ​ទាំង​ស្រុង​ហើយ​បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចប់​ដោយ​បរិបូរណ៍​ត្រឹម​យប់​មិញ​។ Sabay សូម​បង្ហាញ​ចំណុច​មួយ​ចំនួន​ដល់​ប្រិយមិត្ត​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឆ្នោត​៖

១. ក្រុម​ដែល​មាន​កៅអី​ទៅ​វគ្គ​បន្ត៖​

ក្រុម​ខ្លាំង​ចំនួន​៤​ដែល​មាន​មុខ​នៅ​វគ្គ​នេះ​មាន​ដូចជា​ Liverpool មក​ពី​អង់គ្លេស​, Roma មក​ពី​អ៊ីតាលី​, Bayern Munich មក​ពី​អាល្លឺម៉ង់​ និង​ជើង​ឯក​ចាស់​ Real Madrid មក​ពី​អេស្ប៉ាញ​។

២. ទីតាំង​ និង​ថ្ងៃ​ចាប់​ឆ្នោត៖

ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី​១៣ ខែ​មេសា​​ ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច​ម៉ោង​កម្ពុជា។ ទីតាំង​គឺ​នៅ​ទីស្នាក់ការ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ ស្ថិត​ក្នុង​ទីក្រុង​ Nyon ប្រទេស​ស្វីស។

៣. មើល​ការ​ផ្សាយ​ផ្ទាល់៖

អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី​ចាប់​ឆ្នោត​នៅ​លើ​គេហទំព័រ​ UEFA.Com និង​លើ​ទំព័រ​ Facebook & Twitter ផ្លូវការ​របស់​ UEFA។

៤. ដំណើរ​ការ​ចាប់​ឆ្នោត៖

នៅ​វគ្គ​នេះ​ក្រុម​ទាំង​៤សុទ្ធ​តែ​អាច​ប៉ះ​គ្នា​បាន​ បើ​ទោះ​ជា​មក​ពី​ក្របខ័ណ្ឌ​នៃ​ប្រទេស​តែ​មួយ​ក៏​ដោយ​ ប៉ុន្តែ​យ៉ាង​ណា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​នេះ​សុទ្ធ​តែ​ជា​ក្រុម​មក​ពី​ប្រទេស​ផ្សេង​គ្នា។

៥. កាល​បរិច្ឆេទ​ប្រកួត៖

ការ​ប្រកួត​វគ្គ​៤ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤/២៥ ខែ​មេសា​ ឆ្នាំ​២០១៨ ហើយ​ជើង​ទី​ពីរ​គឺ​នៅ​ថ្ងៃ​ទី​ ១/២ ខែ​ឧសភា​​ ឆ្នាំ​២០១៨៕

Via :news.sabay