លោក Jose Mourinho បានធ្វើការព្រមានថា ក្រុម Manchester United នៅតែប្រឈមមុខនឹងការប្រជែងមួយក្នុងការដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៤ ក្នុងក្របខ័ណ្ឌ Premier League បើទោះបីមហិច្ឆតារបស់ពួកគេ គឺការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក៏ដោយ។

ក្រុម Manchester City បានឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដោយមិនចាំបាច់ទាត់បាល់សូម្បីតែ១ជើង ក្រោយពីក្រុម West Brom ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ។ Man United មិនបានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងពេលពួកគេទទួលជ័យជម្នះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែ១ កាលពី ២សប្តាហ៍មុនឡើយ ខណៈដែលលោក Mourinho បាននិយាយថា លោកនឹងលុបឈ្មោះតារាឆ្នើមៗមួយចំនួនសម្រាប់ការប្រកួតពាន FA Cup ជាមួយនឹងក្រុម Tottenham ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍នេះ។

នៅមុនពេលការធ្វើដំណើរទៅកានា់កីឡដ្ឋាន Wembley ក្រុម Man United ត្រូវធ្វើការប្រកួតក្នុងលីកនៅលើទឹកដីក្រុម Bournemouth នៅរាត្រីនេះ ក្រោយពីការរងបរាជ័យក្រោមស្នាដៃក្រុម West Brom។ Man United អាចប្រើប្រាស់ការប្រកួតក្នុងដៃរបស់ពួកគេដើម្បីបន្ថែមពិន្ទុនាំមុខលើក្រុមឈរលេខ៣ Liverpool រហូតដល់ ៤ពិន្ទុ និងមានសុវត្ថិក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ដែលលោក Mourinho ជឿជាក់ថា នៅតែមានលក្ខខណ្ឌបើកចំហរ។

ជាមួយគ្នានេះ ក្រុមឈរលេខ៥ Chelsea នឹងសម្លឹងរកការរក្សាភាពខ្លាំងរបស់ខ្លួន ក្រោយពីបានយកឈ្នះលើក្រុម Southampton។ ទាក់ទងនឹងការរងបរាជ័យក្រោមស្នាដៃក្រុម West Brom លោក Mourinho បានឲ្យដឹងថា៖ «យើងបានបាត់បង់៣ពិន្ទុ។ យើងបានបាត់បង់៣ពិន្ទូ ដែលអាចផ្តល់ឲ្យយើងនូវស្ថិរភាពដ៏អស្ចារ្យសម្រាប់តំណែងលេខ២នៅលើតារាង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia