ក្លិបយក្ស Arsenal, Atletico Madrid និង Paris Saint-Germain (PSG) នឹងត្រូវធ្វើការប្រកួតគ្នានៅកីឡដ្ឋានជាតិរបស់សិង្ហបុរី ក្នុងយុទ្ធនាការដណ្តើមពាន International Champions Cup (ICC) ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ទី៣០ ខែកក្កដា។

ក្រុមហ៊ុន Relevent និង Catalyst Media Group ដែលជាអ្នករៀបំព្រឹត្តិការន៍នេះ បានប្រកាសកាលពីថ្ងៃអង្គារថា យុទ្ធនាការ ICC ឆ្នាំ២០១៨ ដែលបច្ចុប្បន្នកំពុងតែស្ថិតក្នុងរដូវកាលទី៦របស់ខ្លួន នឹងប្រើប្រាស់រូបមន្តថ្មីមួយដែលមានក្លិបធំៗបំផុត ការប្រកួត និងទីលានកាន់តែច្រើន។

យុទ្ធនាការ ICC នៅឆ្នាំនេះ មាននាំយកក្លិបកំពូលៗចំនួន១៨ដើម្បីលេងការប្រកួតចំនួន២៧ទូទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងសិង្ហបុរី។ នៅឆ្នាំនេះ វានឹងក្លាយជាដំណើរទស្សនកិច្ចជាលើកទី១ របស់ក្រុម PSG ទៅកាន់សិង្ហបុរី។

លោក Patrick Murphy ប្រធានាក្រុមហ៊ុន Catalyst Media Group បានឲ្យដឹងថា៖ «ការគាំទ្រយើងបានឃើញរួចជាស្រេចនៅសិង្ហបុរី។ កាលពីឆ្នាំមុន គឺជាវេលាដ៏អស្ចារ្យ ហើយយើងពិតជារំភើបណាស់ក្នុងការវិលទៅកាន់កីឡដ្ឋានជាតិវិញនៅឆ្នាំនេះក្នុងនាមជាប្រទេសនៅអាស៊ីតែមួយដែលរៀបចំការប្រកួតក្រោមរូបមន្តអន្តរជាតិមួយនេះ»។ នៅថ្ងៃបើកឆាកនៃយុទ្ធនាការនេះនៅថ្ងៃទី២៦ ខែកក្កដា ក្រុម Atletico នឹងត្រូវជួបជាមួយនឹងក្រុម Arsenal ក្នុងការប្រកួតដ៏រំភើបមួយ៕
ប្រភព៖ Channel News Asia