ក្លឹបអ្នកមានជំនាន់ថ្មី Paris St Germain បានគ្រងជើងឯក Ligue ១ កំពូលបារាំងសារជាថ្មី ក្រោយទទួលជ័យជំនះយ៉ាងលើសលប់ បន្ទាប់ពីបំបាក់ក្រុមម្ចាស់ជើងឯកចាស់ Monaco ក្នុងលទ្ធផល ៧-១នៅ កីឡាដ្ឋាន Parc des Princes កាលពីយប់ថ្ងៃអាទិត្យទី១៥ ខែមេសា ឆ្នាំ២០១៨។

ខ្សែបម្រើអាហ្សង់ទីន Giovani lo Celso និងមិត្តរួមជាតិ Angel di Maria រកបានម្នាក់ ២គ្រាប់ ខណៈខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani និងខ្សែបម្រើអាឡឺម៉ង់ Julian Draxler រកបានម្នាក់ ១គ្រាប់ ចំណែកមួយគ្រាប់ទៀតបានមកពីបាល់ចូលទីខ្លួនឯងដោយ(OG) របស់ខ្សែប្រយុទ្ធជើងចាស់កូឡុំប៊ី Radamel Falcao ខណៈដែលកីឡាករប្រេស៊ីលរបស់ក្រុមភ្ញៀវ Rony Lopes ជាអ្នកស៊ុតវាយបកបាន ១គ្រាប់សម្រាប់ Monaco បន្ទាប់ពី PSG នាំមុខ ៤គ្រាប់នៅនាទី៣៨ មុនបញ្ចប់តង់ទី១។

ក្រុម PSG របស់លោក Unai Emery បាននាំមុខ ១៧ពិន្ទុដាច់នៅកំពូលតារាង Ligue១ ស្របពេលការប្រកួត នៅសល់តែ ៥ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាល២០១៧-១៨។ កាលពីខែមុន ក្រុម PSG ក៏បានផ្ដួលក្រុម Monaco ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ French League Cup ផងដែរ។
Monaco គ្រងជើងឯកលីគកំពូលបារាំងជាលើកដំបូងបន្ទាប់ពីខកខាន ១៧ឆ្នាំកន្លងមក សម្រាប់រដូវកាល២០១៦-១៧ ប៉ុន្តែក្រោយការចាកចេញរបស់តារាវ័យក្មេង Kylian Mbappe កំពុងលេងក្នុងលក្ខណ្ឌខ្ចីជើង អោយក្រុម PSG និងត្រៀមផ្ទេរពីក្រុម Monaco ក្នុងតម្លៃ ១៦៦លានផោន។ ការចាកចេញពីខ្សែការពារបារាំង Benjamin Mendy និងខ្សែបម្រើព័រទុយហ្គាល់ Bernardo Silva ទៅ Man City ព្រមជាមួយខ្សែបម្រើ-ការពារបារាំង Tiemoue Bakayoko ទៅ Chelsea ធ្វើអោយទម្រង់ លេងរបស់ Monaco ធ្លាក់ចុះជាងឆ្នាំមុន៕

ប្រភព៖ BBC