ក្រុមជើងខ្លាំង PSV Eindhoven បានឈ្នះជើងឯកកំពូលហូឡង់ Eredivisie រដូវកាល(២០១៧-១៨) ក្រោយផ្ដួលគូប្រជែងដ៏សំខាន់បំផុតគឺ Ajax Amsterdam ដែលនៅសល់អ្នកលេងត្រឹមតែ ៩នាក់ និងជាការប្រកួតដ៏ស្វិតស្វាញរវាងក្រុមលេខ១ និងលេខ២ បន្ទាប់ពីកីឡាករ Tagliafico ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី៨០ និង De Jong នៅនាទីទី៨៣ សម្រាប់ការប្រកួតកាលពីយប់ថ្ងៃអាទិត្យទី១៥ ខែមេសា។

គ្រាប់បាល់ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ PSV រកបានដោយកីឡាករ Gaston Pereiron នាំមុខនៅនាទីទី២៣ មុនពេលកីឡាករ Luuk De Jong តែតបញ្ចូលទីនៅនាទីទី៣៨ និង Steven Bergwijn ស៊ុតបាល់វ៉ូឡេនៅនាទីទី៥៤។ បច្ចុប្បន្នក្រុម PSV ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ Phillip Cocu បានជួយក្រុមឈ្នះជើងឯកលីគកំពូលហុល្លង់ ៣ដងសម្រាប់ ៤រដូវកាលចុងក្រោយ ខណៈការប្រកួតនៅសល់ ៣ដងទៀតនឹងបញ្ចប់រដូវកាល។