ការប្រកួតនៅក្របខណ្ឌកំពូលអេស្បាញ La Liga សម្រាប់សប្តាហ៏ទី៣៣ កាលពីយប់ថ្ងៃអង្គារគ្រូបង្វឹក Ernesto Valverde បានដាក់អោយកីឡាករសំខាន់មួយចំនួនដូចជា Lionel Messi និង Luis Suarez អង្គុយជា កីឡាករបម្រុង ដើម្បត្រៀមជើង មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ជាមួយក្រុម Sevilla ស្របពេល ដែលខ្សែការពារកណ្តាល Gerard Pique និងខ្សែបម្រើជើងចាស់អេស្បាញ Andreas Iniesta ត្រូវបានសម្រាក។

ក្រុមអ្នកមានបុណ្យ បាននាំមុខដោយគ្រាប់បាល់របស់កីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele ដែលផ្ទេរពីក្រុម Dormund កាលពីដើមរដូវកាលនៅនាទីទី៣៦ ប៉ុន្តែកីឡាករ Castro Otto របស់ក្រុម Celta Vigo បានវាយបកតាមស្មើវិញនៅនាទីទី៤៥ មុនបញ្ចប់តង់ទី១។

ការប្រកួតចូលដល់តង់ទី២ កីឡាករ Paco Alcacer បានរកគ្រាប់បាល់នាំមុខវិញអោយក្រុមភ្ញៀវដោយលទ្ធផល ២:១ ប៉ុន្តែបន្ទាប់ពីក្រុម Barcelona នៅសល់អ្នកលេងតែ ១០នាក់ បន្ទាប់ពីកីឡាករ Sergi Roberto ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតក្រោយទាញកីឡាករក្រុម Celta Vigo ពេលនោះនៅនាទីទី៨២ កីឡាករ Iago Aspas មានឪកាសរកបានគ្រាប់បាល់តាមស្មើវិញ ខណៈការប្រកួតនេះមានភាព ស្វិតស្វាញរវាងក្រុមទាំងពីរផងដែរកំលុងការប្រកួតទាំង២តង់។

Barca បានបង្កើតកំនត់ត្រាមិនដែលចាញ់លើកទី ៤០ប្រកួត និងមានគម្លាត១២ ពិន្ទុពីលើក្រុម Atletico Madrid ខណៈក្រុមនៅសល់ការប្រកួត១ប្រកួតនៅក្នុងដៃ។