ខ្សែ​ការពារ​ស្លាប​អង់គ្លេស Kyle Walker មិន​សង្ឃឹម​ថា ជម្រើស​ជាតិ​ខ្លួនឈ្នះ World Cup ឡើយ។ កីឡាករ Manchester City រូប​នេះ ថា ទាល់​តែ​មាន​អព្ភូតហេតុ​ទើប​អង់គ្លេស​ឈ្នះ​ពាន​មួយ​នេះ។

Walker បាន​និយាយ​ប្រាប់ talkSPORTថា៖ “ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​បន្ត​លេង​បាន​ច្រើន​វគ្គ​ក្នុង​ World Cup ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ដែរ។ ទាល់​តែ​មាន​អព្ភូតហេតុ​ទើប​អង់គ្លេស​ឈ្នះ​កម្មវិធី​នេះ”។

អតីត​កីឡាករ Tottenham Hotspur រូប​នេះ​បាន​ បន្ត​ថា ថ្វី​បើ​អង់គ្លេស​មាន​កីឡាករ​ល្អ​ច្រើន ប៉ុន្តែ​ពួក​គេ​មិន​ទាន់​មាន​បទពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​លេង​ឲ្យ​បាន​ល្អ​ក្នុង​ World Cup។ Walker ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា មាន​ក្រុម​ជម្រើស​ជាតិ​ច្រើន​ដែល​ខ្លាំង​ៗ ចូល​រួម​ក្នុង​កម្មវិធី​នេះ។

លើក​ចុង​ក្រោយ​ដែល​អង់គ្លេស​ឈ្នះ World Cup គឺ​ឆ្នាំ ១៩៦៦។

គិត​ត្រឹម​ឆ្នាំ ២០១០ មក ក្រុម​ជម្រើស​ជាតិ​មួយ​នេះ បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ឡើយ​ក្នុង World Cup។ ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​អាហ្វ្រិក​ខាង​ត្បូង កាល​ពី ២០១០ អង់គ្លេស​បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម ខណៈ​ឆ្លង​មិន​ផុត​វគ្គ Group Stage នៅ​ប្រេស៊ីល​ឆ្នាំ ២០១៤។

កាល​ពី​កម្មវិធី Euro ២០១៦ អង់គ្លេស​ត្រូវ​បាន​ទម្លាក់​ដោយ​អ៊ីស្លង់​ក្នុង​វគ្គ ១៦​ក្រុម៕

Via :news.sabay