លោក Jose Mourinho បានទទួលស្គាល់ថា ក្រុម Manchester United បានធ្វើឲ្យលោកឈឺក្បាលចំពោះការជ្រើសរើសកីឡាករសម្រាប់ការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីពួកគេបានយកឈ្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Bournemouth កាលពីថ្ងៃពុធ។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីខ្សែការពារ Chris Smalling និងខ្សែប្រយុទ្ធ Romelu Lukaku បានជួយឲ្យ Man Utd រកបាន ៣ពិន្ទុពេញនាកីឡដ្ឋាន Dean Court ក្រោយពីលោក Mourinho បានធ្វើការផ្លាស់ប្តូរកីឡាករ ៧នាក់ ក្រោយពីក្រុមរបស់លោកបានរងបរាជ័យដ៏មិននឹកស្មានដល់ក្រោមស្នាដៃក្រុមបាតតារាង West Bromwich Albion កាលពីថ្ងៃអាទិត្យ។ លទ្ធផលចាញ់នេះបានផ្តល់ពានក្របខ័ណ្ឌ Premier League ទៅឲ្យក្រុម Manchester City ដែលនាំឲ្យលោក Mourinho ចោទប្រកាន់កីឡាកររបស់លោកថា មានមោទនភាពលើខ្លួនឯងខ្លាំងពេក។


ដើម្បីព្យាយាមតាស់តឿនតារាឆ្នើមៗដែលធ្លាក់ចុះទម្រង់លេងរបស់ខ្លួន អ្នកចាត់ការទូទៅរបស់ Man United បានសម្រេចធ្វើការផ្លាស់ប្តូរក្នុងក្រុមនៅពេលប្រកួតជាមួយនឹង Bournemouth ខណៈដែល Lukaku, Alexis Sanchez និង Juan Mata សុទ្ធសឹងស្ថិតក្នុងតារាឆ្នើមៗដែលអវត្តមានក្នុងជម្រើសទាំង ១១នាក់ដំបូង នៅមុនពេលការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Tottenham នៅថ្ងៃសៅរ៍នេះ។

Paul Pogba បានរក្សាកន្លែងរបស់គេដដែល បើទោះបីមានការលើកឡើងកាន់តែខ្លាំងថា លោក Mourinho ត្រៀមរួចរាល់ក្នុងការលក់ខ្សែបម្រើអន្តរជាតិបារាំង ដែលធ្លាក់ចុះទម្រង់លេងរូបគេក្នុងពេលបិទរដូវកាល។ លោក Mourinho បានឲ្យដឹងថា៖ «រាល់អ្វីៗទាំងអស់ល្អ ខ្ញុំពិតជារីករាយណាស់។ កីឡាករទាំងធស់ដែលនៅសលើទីលាន ពិតជាផ្តល់នូវភាពវិជ្ជមាន និងធ្វើឲ្យពួកគេអាចចូលលេងបានសម្រាប់ថ្ងៃសៅរ៍នេះ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនឹងមិនប្រើប្រាស់កីឡាករទាំង១១នាក់នេះនៅកីឡដ្ឋាន Wembley ឡើយ ប៉ុន្តែ កីឡាករទាំងអស់បានប្រាប់ខ្ញុំថា ពួកគេចង់លេង ហើយពួកគេត្រៀមរួចរាល់ហើយ»៕