អ្នកគាំទ្ររបស់ក្រុម Roma ជាច្រើនរយនាក់ បានតម្រង់ជួរនៅខាងក្រៅតូបនានារបស់ក្លិបនេះ ក្នុងរដ្ឋធានីរបស់អ៊ីតាលី អស់ពេញ១យប់ ដើម្បីក្លាយជាអ្នកដំបូងគេក្នុងការទទួលបានសំបុត្រទស្សនាសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ ជាមួយនឹងក្រុម Liverpool។

សំបុត្រចូលទស្សនាបានដាក់លក់នៅម៉ោង ១០ព្រឹក កាលពីថ្ងៃពុធ ប៉ុន្តែ អ្នកគាំទ្រជាច្រើនបានរង់ចាំអស់ពេញ ១យប់ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេមិនជួបការខកចិត្ត ខណៈដែលក្រុម Roma ត្រៀមសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកទី១ របស់ពួកគេ ក្នុងយុទ្ធនាការនេះ បើគិតចាប់តាំងពីក្រុម Liverpool បានផ្តួលពួកគេដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន European Cup កាលពីឆ្នាំ១៩៨៤។

អ្នកគាំទ្រម្នាក់បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «មនុស្សជាច្រើននឹងចំណាយពេល១យប់ ដើម្បីឈរតម្រង់ជួរ ខណៈដែលពួកគេទាំងអស់គ្នាសង្ឃឹមថា នឹងទទួលបានកៅអីមួយក្នុងប្រវត្តិសាស្ត្រនៃក្រុមដែលពួកគេចូលចិត្ត»។ លោក Vincenzo Ricci វ័យ៨៥ឆ្នាំ ដែលបានតម្រង់ជួរអស់១យប់នោះ បានប្រាប់បណ្តាញសារព័ត៌មាន Roma News ថា៖ «ខ្ញុំមានអ្នកគាំទ្រក្រុម Roma ចំនួន៣ជំនាន់លើទឹកដីខ្លួនឯង ហើយខ្ញុំសង្ឃឹមថា យើងអាចដណ្តើមបានការសងសឹករបស់យើងក្នុងការប្រកួតនេះ»។ តម្លៃសំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី២ ខែឧសភា នាកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ុម មានចាប់ពី៦០អឺរ៉ូ (ស្មើនឹង៧៤ដុល្លារ) រហូតដល់១៦០អឺរ៉ូ (ស្មើនឹង២០០ដុល្លារ)៕