ក្រុមបិសាចក្រហម Man.United កំពុងសំលឹងមើលពីបេក្ខកីឡាករខ្សែការពាររបស់ក្រុមកញ្ជ្រោងខៀវ Leicester City គឺកីឡាករ Harry Maguire ដែលបានបង្ហាញទម្រង់លេងល្អនៅរដូវកាលនេះ បន្ទាប់ពីផ្ទេរពីក្រុម Hull City មក។ Maguire បានក្លាយជាកីឡាករម្នាក់ដ៏សំខាន់សម្រាប់គម្រោងការ ប្រើប្រាស់របស់គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southate ក្នុងព្រឹត្តការណ៏ World Cup ២០១៨ នាពេលខាងមុខនេះផងដែរ។

យោងគេហទំព័រកីឡា Starsport បានចុះផ្សាយថាៈ ក្រុម Man.United គ្រោងនិងនាំយកអតីតកីឡាករក្រុម Sheffield United រូបនេះមករួមក្រុមជាមួយតម្លៃផ្តល់អោយក្រុម Leicester City ចំនួន ៥០លានផោន ខណៈដែលកាំភ្លើងធំ Arsenal និង Tottenham ក៏ធ្លាប់បានសម្តែងការចាប់អារម្មណ៏ចង់បាន Maguire ដោយធ្លាប់បានផ្តល់តម្លៃទឹកប្រាក់ ៤០លានផោន ប៉ុន្តែត្រូវបានក្រុម Leicester ច្រានចោល កំលុងពេល ទីផ្សារដោះដូរកីឡាករបានបើកនៅខែមករា ២០១៨នេះ។

ក្រុម Man.City ដែលទើបតែឈ្នះជើងឯក Premier League ជាលើកទី៣ ក៏ត្រៀមសំណើរដូចគ្នា ក្នុងការនាំយកកីឡាករវ័យទើបតែ ២៥ឆ្នាំរូបនេះ ដើម្បីមករួមក្រុមបន្ទាប់ពីខកខានក្នុងការនាំយកមិត្តរួមក្រុម Maguire គឺកីឡាករខ្សែបម្រើសញ្ជាតិអាល់ហ្សេរី Riyad Mahrez កំលុងពេលថ្ងៃផុតកំនត់នៃការផ្ទេរកីឡាករកាលពីខែមករាកន្លងមកនេះ។