KaKa បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត ពេល​ដែល​កំពុង​លេង​នៅ Real Madrid ​ដោយ​​បាន​និយាយ​ថា គេ​បាន​បាត់បង់​គ្រប់​យ៉ាង អំឡុង​ពេល​នៅ Bernabeu ក្រោម​ការ​ដឹក​នាំ​របស់ Jose Mourinho។

បុរស​សញ្ជាតិ​ប្រេស៊ីល​ដែល​បាន​ព្យួរ​ស្បែកជើង​កាល​ពី​ឆ្នាំ​មុន បាន​ក្លាយ​ជា​សមាជិក​កញ្ចុំ​ផ្កាយ​របស់ Madrid ពេល​​ដែល​គេ​ផ្លាស់​ចេញ​ពី AC Milan កាល​ពី​ឆ្នាំ​២០០៩ ក្នុង​តម្លៃ​ខ្លួន​៥៦​លាន​ផោន។ នៅ​រដូវ​កាល​ដំបូង​ KaKa មាន​ការ​ជំរុញ​ទឹក​ចិត្ត​ច្រើន ក្រោម​ការ​ដឹក​នាំ​របស់​លោក Manuel Pellegrini ត្បិត​​មិន​ទាន់​សម្រប​ខ្លួន​នឹង​ក្រុម។

យ៉ាងណាក្ដី ទម្រង់​និង​ភាព​រឹងមាំ​​របស់ KaKa ​បាន​ជួប​ការ​លំបាក​​ អំឡុង​ពេល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Mourinho រយៈពេល​៣​ឆ្នាំ​នៅ​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ។ “នៅ​ឆ្នាំ​២០០៩ ខ្ញុំ​ទទួល​បាន​សំណើ​ពី Real Madrid ប៉ុន្តែ​ខ្ញុំ​បាន​ខូច​អនាគត​នៅ​ទី​នោះ​ ព្រោះ​តែ​ខ្ញុំ​មិន​អាច​ផ្ដល់​អ្វី​បាន ដូច​ដែល​ខ្ញុំ​ធ្លាប់​បានផ្ដល់​កាល​នៅ Milan។ Jose Mourinho ជា​គ្រូ​ដ៏​ពិបាក​ម្នាក់​សម្រាប់​ខ្ញុំ។ ពួក​យើង​មាន​ការ​គោរព​គ្នា​ ប៉ុន្តែ​​ចំពោះ​ទំនាក់ទំនង​ស្មុគស្មាញ​​ណាស់”។

អតីត​ម្ចាស់​ពាន Ballon d’Or បន្ត​ថា៖ “ខ្ញុំ​​មាន​គំនិត​ថា Jose គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ ដើម្បី​បង្ហាញ​ភាព​ល្អ​របស់​ខ្ញុំ​ទៅ​កាន់​លោក។ ខ្ញុំ​ហ្វឹកហាត់ តស៊ូ បន់ស្រន់​ ប៉ុន្តែ​មិន​ទទួល​បាន​ទំនុក​ចិត្ត​ពី​គ្រូ​សោះ។ ពេល​នោះ​ខ្ញុំ​បាន​ដឹងថា ខ្ញុំ​មិន​អាច​ធ្វើ​ការ​ជាមួយ​ Jose បាន​ទេ”៕ ​
Via: Sabay
សូមរីករាយទស្សនាវិដេអូររបស់កីឡាករ KaKa ខាងក្រោមនេះ: