ក្រុមតោខៀវ Chelsea បានរក្សាឱកាសដ៏ស្តួចស្តើងរបស់ពួកគេក្នុងការដេញតាមឲ្យក្រុម Tottenham Hotspur ដើម្បីប្រជែងយកកៅអីមួយក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈដែលក្រុមដែលមានការផ្លាស់ប្តូរកីឡាករច្រើនរបស់ពួកគេ បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Burnley។

ក្នុងការប្រកួត១គូផ្សេងទៀតនាថ្ងៃដដែលនោះ ក្រុម Southampton បានខិតកាន់តែកៀកឆ្ពោះទៅកាន់ការកាត់ចោល ខណៈដែលការទទួលបានលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Leicester បានធ្វើពួកគេនៅតែដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពចំនួន ៤ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ ៤លើកទៀតប៉ុណ្ណោះដើម្បីសង្គ្រោះពួកគេ។

Chelsea បានកាត់បន្ថយការដេញតាមពីក្រោយក្រុមឈរលេខ៤ Spurs មកនៅត្រឹម ៥ពិន្ទុ ប៉ុន្តែ ក្រុមរបស់លោក Mauricio Pochettino មានការប្រកួតងាយស្រួលជាងគូប្រជែងក្នុងទីក្រុងឡុងដ៍របស់ពួកគេ។

ក្រុម Southampton និង Chelsea នឹងត្រូវជួបគ្នាជាលើកទី២ ក្នុងរយៈពេល៨ថ្ងៃ ក្នុងការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនេះ ក្រោយពីក្រុមរបស់លោក Antonio Conte បានធ្វើការវាយបកពីការដេញតាមពីក្រោយ ២-០ ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-២ នាកីឡដ្ឋាន St. Mary’s កាលពីថ្ងៃសៅរ៍។ ស្របពេលដែល FA Cup នឹងក្លាយជាឱកាសចុងក្រោយរបស់ក្រុម Chelsea ក្នុងការឈ្នះពាននៅរដូវកាលនេះ លោក Conte បានដាក់ឲ្យតារាឆ្នើម Eden Hazard និង Willian លេងជាកីឡាករបម្រុង ខណៈដែលខ្សែប្រយុទ្ធ Olivier Giroud និង Alvaro Morata បានចូលលេងក្នុងតំបន់ជាមួយគ្នាជាលើកទី១៕

វីឌីអូហាយឡាយការប្រកួតរវាង Burnley នឹង Chelsea​៖


វីឌីអូហាយឡាយការប្រកួតរវាង Leicester នឹង Southampton​៖