ក្លិបមានមូលដ្ឋានក្នុងទីក្រុង Lisbon គឺ Benfica និង Sporting ក្លិបអេស្ប៉ាញ Celta Vigo និង Rayo Vallecano ក្លិប Al Arabi របស់កាតា និងសហព័ន្ធកីឡាបាល់ទាត់ប្រទេសឡាវ កាលពីថ្ងៃព្រហស្បតិ៍ សុទ្ធសឹងបានរងពិន័យដូចគ្នាពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ជុំវិញការផ្ទេរកីឡាករ។

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីសម្រេចថា ក្លិបរបស់អឺរ៉ុបទាំង៤ បានប្រព្រឹត្តល្មើសនឹងច្បាប់ម្ចាស់កម្មសិទ្ធិភាគីទី៣ (TPO) របស់កីឡាករ ដែលជាត្រូវបានហាមឃាត់។ FIFA បានពិន័យក្លិប Benfica ក្នុងទឹកប្រាក់ ១៥០០០០ស្វ៊ីសហ្វ្រង់ (ស្មើនឹង ១៥៤,៣៨៤ដុល្លារអាមេរិក) និងក្លិប Sporting ក្នុងទឹកប្រាក់ ១១០០០០ស្វ៊ីសហ្រ្វង់ សម្រាប់ការប្រើប្រាស់ TPO។


ក្លិបទាំង២ បានចុះកុងត្រា២ ដែលអាចឲ្យភាគីទី៣ មានឥទ្ធិពលទៅលើភាពឯករាជ្យរបស់ក្លិបនោះ។ Benfica ត្រូវបានជម្រះថា មានភាពស្អាតស្អំជុំវិញការផ្ទេរមួយជាមួយនឹងក្លិប Celta Vigo ប៉ុន្តែក្លិបស្ថិតក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញមួយនេះ ត្រូវបានពិន័យជាទឹកប្រាក់ ៦៥០០០ស្វ៊ីសហ្វ្រង់ សម្រាប់ការចុះកុងត្រាមួយដែលអាចឲ្យ Benfica មានឥទ្ធិពលទៅលើភាពឯករាជ្យរបស់ក្លិបនេះ និងប្រើប្រាស់ប្រព័ន្ធផ្គូផ្គង់នៃការដោះដូរកីឡាករជាអន្តរជាតិរបស់ FIFA (ITMS) ដោយខុសច្បាប់។

ក្លិបស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ របស់អេស្ប៉ាញ Rayo Vallecano ត្រូវបានពិន័យជាទឹកប្រាក់៥៥០០០ស្វ៊ីសហ្វ្រង់ សម្រាប់ការប្រើប្រាស់កិច្ចព្រមព្រៀង TPO និងល្មើសនឹងប្រព័ន្ធ ITMS។ ក្លិប Al Arabi របស់ប្រទេសកាតា បានរងពិន័យជាទឹកប្រាក់១៨៧៥០០ស្វ៊ីសហ្វ្រង់ សម្រាប់ការប្រើប្រាស់កិច្ចព្រមព្រៀង TPO និងប្រព្រឹត្តល្មើស៧ករណីទាក់ទងនឹងប្រព័ន្ធ ITMS។ ដោយឡែក សហព័ន្ធកីឡាបាល់ទាត់ឡាវ បានរងពិន័យជាទឹកប្រាក់ដល់ទៅ៦៩ម៉ឺនស្វ៊ីសហ្វ្រង់ (ស្មើនឹង៧១ម៉ឺនដុល្លារ) សម្រាប់ការប្រព្រឹត្តល្មើសជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងច្បាប់ទៅលើការផ្ទេរកីឡាករអន្តរជាតិ និងទៅលើច្បាប់ចុះហត្ថលេខាជាមួយនឹងកីឡាករជាអនីតិជន៕