អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Jose Mourinho ក្នុង​ថ្ងៃ​នេះ បាន​សម្ដែង​ការ​គោរព​របស់​ខ្លួន​ទៅ​កាន់​លោក Arsene Wenger ដែល​នឹង​ចាក​ចេញ​ពី Arsenal នៅ​ពេល​រដូវ​កាល​នេះ​ចប់។ លោក​សង្ឃឹម​ថា អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង នឹង​មិន​ទាន់​ចូល​និវត្តន៍។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក Mourinho បាន​និយាយ​ថា លោក​សប្បាយ​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក Wenger។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​លើក​ឡើង​ថា៖ “ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ ក្នុង​ប្រកួត​ថ្ងៃ​ខាង​មុខ យើងManchester United នឹង​បង្ហាញ​ក្ដី​គោរព​ទៅ​លើ​លោក Wenger ដែល​ជា​គូ​ប្រជែង​របស់​ក្លឹប​តាំង​ពី​ជំនាន់ Sir Alex មក។ លោក Wenger ស័ក្ដិសម​នឹង​ទទួល​ការ​គោរព​នេះ​ណាស់”។

ការ​ប្រកួត​ដែល​លោក Mourinho និយាយ​នោះ​សំដៅ​លើ​ជំនួប​ Premier League រវាង​បិសាច​ក្រហម និង​កាំភ្លើង​ធំ​នៅ​ថ្ងៃ​ទី ២៩ មេសា​ខាង​មុខ។

អ្នក​ចាត់​ការ​បិសាច​ក្រហម​មិន​បាន​ស្ដាយ​ក្រោយ​ទេ ដែល​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​លោក Wenger កាល​ពី​ពេល​កន្លង​ទៅ។ លោក​ថា អ្វី​ដែល​សំខាន់ គឺ​​លោក​មាន​ការ​គោរព​ទៅ​កាន់​លោក Wenger ក្នុង​នាម​ជា​មនុស្ស អ្នក​រួម​អាជីព និង​អាជីព​ដែល​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​កសាង​ឡើង។

“ចំពោះ​អ្នក​ខ្លះ ការ​ចង​ចាំ​គឺ​មាន​រយៈ​ពេល​ខ្លី​ណាស់​ តែ​ចំពោះ​អ្នក​ដែល​ប្រឡូក​ក្នុង​អាជីព​បាល់ទាត់​ពិត​ប្រាកដ​វិញ ការ​ចង​ចាំ​មិន​មែន​ខ្លី​ឡើយ។ បើ​សិន​ជា​លោក (Wenger) សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​មួយ​នេះ ខ្ញុំ​ក៏​សប្បាយ​ដែរ ហើយ​ខ្ញុំ​សង្ឃឹម​ថា លោក​នឹង​មិន​ទាន់​ចូល​និវត្តន៍​ពី​បាល់ទាត់”។ លោក Mourinho បន្ត៕
Via :news.sabay