វីរបុរសក្រុមជម្រើសជាតិប្រេស៊ីលកំពូលកីឡាករ Ronaldinho Gaucho បានបញ្ជាក់ប្រកបដោយទំនុកចិត្តថាមិត្តរួមជាតិ និងជាខ្សែប្រយុទ្ធឆ្នើមក្រុម PSG កីឡាករ Neymar Jr នឹងបានជាសះស្បើយពីបញ្ហារបួស ព្រមទាំងអាចវិលទៅចូលរួមទាន់ពេលការប្រកួត ព្រឹត្តិការណ៏ប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក World Cup នាប្រទេសរុស្សីនាពេលខាងមុខនេះបាន។

អតីតខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona រូបនេះបានអោយដឹងបន្តថាៈ Neymar កំពុងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចេញសមត្ថភាព សម្រាប់ក្រុមជម្រើសជាតិនៅប្រទេសរុស្សី។ Ronaldinho អតីតកីឡាករដែលជាសមាជិកជួយក្រុមស៊ាំបាប្រេស៊ីលលើកពាន World Cup ២០០២ លើកទី៥ បានបន្តថាៈ ខ្ញុំសង្ឃឹមគាត់នឹងទទួលបានលទ្ធផលល្អ ពួកយើងកំពុងតែទន្ទឹមរង់ចាំ ថា គាត់និឹងបញ្ចេញអស់ពីសមត្ថភាពដើម្បីជួយក្រុមជម្រើសជាតិប្រេស៊ីលលើកពាន World Cup។

គួររំលឹកឡើងវិញផងដែរថាៈ Neymar បានទទួលរងរបួសបាក់ជើងកំលុងពេលប្រកួត លីកកំពូល Ligue១ របស់បារាំងកំលុងពេលប្រកួតទល់និងក្រុម Olympic Marseille។ ហើយបន្ទាប់មក Neymar បានធ្វើដំណើរទៅធ្វើការវះកាត់ព្យាបាលរបួសនៅខែមីនា ២០១៨ មកទល់នឹងពេលបច្ចុប្បន្ននេះមិនទាន់ដឹង និងមានការសន្និដ្ឋានអះអាងពីកាលបរិច្ឆេទច្បាស់លាស់ ដែលកីឡាកររូបនេះនឹងអាចចូលលេងបាល់បានជាធម្មតាវិញ ដែលបញ្ហានេះនៅតែជាក្តីកង្វល់សម្រាប់ប្រិយមិត្តក្រុម PSG និងក្រុមជម្រើសជាតិប្រេស៊ីលផងដែរ។