គ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែការពារអន្តរជាតិសេណេហ្គាល់ Kalidou Koulibaly បានរក្សាក្តីសង្ឃឹមនៃការឈ្នះពានរបស់ក្រុម Napoli ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះ ១-០ លើក្រុមម្ចាស់ការពារតំណែងជើងឯក Juventus កាលពីថ្ងៃអាទិត្យ ដើម្បីកាត់បន្ថយពិន្ទុដេញតាមពីក្រោយមកនៅត្រឹម ១ពិន្ទុនៅលើតារាងក្របខ័ណ្ឌ Serie A។

Koulibaly បានតែតបាល់រកគ្រាប់បាល់ឈ្នះនៅនាទីចុងក្រយោ ដើម្បីជួយឲ្យក្រុម Napoli ដណ្តើមបានជ័យជម្នះជាលើកទី១ របស់ពួកគេនាកីឡដ្ឋាន Allianz។ ពិន្ទុនាំមុខរបស់ក្រុមម្ចាស់ជើងឯក ៦សម័យកាល នៅលើកំពូលតារាង ត្រូវបានកាត់បន្ថយមកនៅត្រឹម១ពិន្ទុ ខណៈដែលនៅសល់ការប្រកួត ៤លើកទៀត។

វាជាការបរាជ័យជាលើកទី៣ នៅរដូវកាលនេះ និងជាលើកទី២ នៅលើទឹកដីខ្លួនឯងសម្រាប់ក្រុម Juventus ដែលការបរាជ័យជាលើកចុងក្រោយរបស់ពួកគេបានកើតឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា។ Juventus មាន ៨៥ពិន្ទុពីការប្រកួត ៣៤លើក ខណៈដែល Napoli ដែលកំពុងតែប្រមាញ់រកបានឈ្នះពាន Scudetto ជាលើកទី៣ របស់ខ្លួន ក្រោយពីឈ្នះកាលពីឆ្នាំ១៩៨៧ និង១៩៩០នោះ មាន ៨៤ពិន្ទុ។ Koulibaly វ័យ ២៦ឆ្នាំ បានឲ្យដឹងថា៖ «យើងបានដឹងថា វានឹងក្លាយជាការប្រកួតដ៏លំបាក និងសំខាន់មួយ ប៉ុន្តែ យើងបានធ្វើរាល់អ្វីៗទាំងអស់ដើម្បីឈ្នះ យើងធ្វើបានសម្រេច និងពិតជាមានមោទនភាពទៅលើខ្លួនយើងផ្ទាល់»៕