ក្រុង​ទុយ​រីន: លោក Maurizo Sarri មិន​បាន​បង្ហាញ​ពី​ការ​ស្តាយ​ក្រោយ​ឡើយ ក្រោយពី​លោក​ត្រូវ​បាន​គេ​ថត​ជាប់​​ក្នុង​ពេល​កំពុង​បញ្ចេញ​កាយ​​វិការ​មិន​សមរម្យ ក្រោយពី​បាន​​លើក​ម្រាម​កណ្តាល​តប​ទៅនឹង​ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម Juventus កាល​ពី​ថ្ងៃ​អាទិត្យ​​។

ក្រោយពី​ក្រុម Napoli បាន​រក្សា​​ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Serie A តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ ១-០ លើ​ក្រុម Juventus ក្នុង​ទីក្រុង Turin លោក Sarri បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​នឹង​​​ក្រុម​មនុស្ស​ដែល​​បាន​ស្តោះ​ទឹក​មាត់​មក​លើ​រថយន្ត​របស់​យើង និង​មើល​ងាយ​យើង​ក្នុងនាម​ជា​ប្រជា​ជន​ទីក្រុង Naples​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មិន​ដែល​​បញ្ចេញ​កាយ​វិការ​បែប​នេះ​ទៅកាន់​​អ្នក​គាំទ្រ​ណា​ម្នាក់​របស់ Juventus ឡើយ​។ ខ្ញុំ​មិន​មាន​បញ្ហា​ជា​​មួយ​នឹង​អ្នក​គាំទ្រ​របស់ Juventus ឡើយ​។ វា​​មាន​បញ្ហា​តែ​ជាមួយ​​នឹង​ក្រុម​មនុស្ស​ដែល​បាន​ស្តោះ​ទឹក​មាត់ និង​មើល​​ស្រាល​យើង​ក្នុងនាម​ជា​អ្នក​ពីទីក្រុង Naples»​។

Napoli បាន​​កាត់​បន្ថយ​ការ​ដេញ​តាម​ពី​ក្រោយ​នៅ​លើ​កំពូល​តារាង​​មក​នៅ​ត្រឹម​១ពិន្ទុ ខណៈ​ដែល​នៅ​សល់​៤​ប្រកួត​ទៀត​នៅ​រដូវ​កាល​នេះ ក្រោយពី​ខ្សែ​ការ​ពារ Kalidou Koulibaly​បាន​តែត​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត​៕
Via: postkhmer